លោក ស៊ី ជីនពីង ទៅកូរ៉េទាំងពីរចន្លោះពេលជាងកន្លះឆ្នាំ , អ្នកវិភាគថា ជាជ័យជម្នះដ៏ធំសម្រាប់ឧបទ្វីបនេះ
បរទេស ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងអញ្ជើញបំពេញទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ។
វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូង របស់លោក ស៊ី ជីនពីង ទៅកាន់កូរ៉េខាងជើងក្នុងរយៈពេលជិត ៧ ឆ្នាំ និងមានរយៈពេលជាងកន្លះឆ្នាំ បន្ទាប់ពីលោក ស៊ី ជីនពីង បានធ្វើដំណើរ ទៅដល់ទីក្រុងសេអ៊ូល កាលពីចុងខែតុលា ឆ្នាំ២០២៥ ។
អ្នកវិភាគជឿថា ដំណើរទៅទីក្រុងព្យុងយ៉ាងលើកនេះ ផ្តល់ជ័យជម្នះដ៏ធំ សម្រាប់តំបន់ឧបទ្វីបកូរ៉េ ដោយសារតែ មេដឹកនាំចិន រូបនេះ ទើបតែបានទៅបំពេញបេសកកម្ម នៅកូរ៉េខាងត្បូង កាលពីជាងកន្លះឆ្នាំមុន ។
លោក John Delury មន្ត្រីជាន់ខ្ពស់ នៃសមាគមអាស៊ី Asia Society
និយាយថា សម្រាប់ លោក ស៊ី ជីនពីង ដែលចេញទៅក្រៅប្រទេស មិនសូវញឹកញាប់ ហើយត្រូវធ្វើទស្សនកិច្ច នៅកូរ៉េទាំងពីរ ក្នុងរយៈពេល មិនដល់មួយឆ្នាំនេះ នឹងក្លាយជា ជ័យជម្នះដ៏ធំ សម្រាប់តំបន់ឧបទ្វីបនេះ ទាំងមូល ។
លោកបន្តថា «នេះគឺជាសារបង្កប់ន័យ ពីភាគីចិន ដែលនៅតែជាតួសំខាន់ ពេលដែលនិយាយអំពីប្រទេសកូរ៉េខាងជើង ហើយក្រៅពីចិន គឺ មានរុស្ស៊ី»។
ការរំពឹងទុកនេះ ធ្វើឡើង នៅបន្ទាប់ពី រយៈពេល ២ សប្តាហ៍ ដែលមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង បង្ហាញពីក្តីរំពឹងថា ក្នុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងព្យុងយ៉ាង, លោក ស៊ី ជីនពីង អាចនឹងមានរបៀបវារៈស្តីពីផែនការណាត់ជួប រវាង លោក ដូណាល់ ត្រាំ និង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
ជាការកត់សម្គាល់ កាលពីដើមខែមករា ក្នុងដំណើរទស្សកិច្ច នៅក្រុងប៉េកាំង, លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង បានជំរុញឲ្យប្រមុខដឹកនាំប្រទេសចិន ជួយដើរតួនាទីសម្របសម្រួល ដើម្បីស្តារទំនាក់ទំនងជាមួយកូរ៉េខាងជើងឡើងវិញ ជាពិសេសស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ ។
បើតាម CNA, ចាប់តាំងពីក្លាយជាមេដឹកនាំកំពូល របស់ប្រទេសចិន ក្នុងឆ្នាំ ២០១២ , លោក Xi បានទៅបំពេញទស្សនកិច្ច នៅកូរ៉េខាងជើង បានម្ដង និង កូរ៉េខាងត្បូង បានចំនួន ២ ដង។ លោក ក៏បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០០៨ នៅពេលដែលលោកធ្វើជាអនុប្រធានាធិបតី ហើយ ឪពុករបស់ លោក គីម ជុនអ៊ុន គឺ លោក គីម ជុងអ៊ីល នៅពេលនោះ គឺជាមេដឹកនាំកូរ៉េខាងជើង។
បើទោះបីជាមានការរំពឹងទុកពីជ័យជម្នះសម្រាប់ឧបទ្វីបកូរ៉េក៏ដោយ, ភាគីចិន មិនបានលើកឡើង ពីរឿងនេះ សម្រាប់គម្រោងទស្សនកិច្ចរបស់ ស៊ី ជីនពីង នោះទេ ដោយទូរទស្សន៍រដ្ឋចិន CCTV គ្រាន់តែប្រកាសថា លោក ស៊ី ទៅកូរ៉េខាងជើង តបតាមការអញ្ជើញប៉ុណ្ណោះ ។
លោក គីម ជុនអ៊ុន មេដឹកនាំកូរ៉េខាងជើង ក៏គ្រោងនឹងធ្វើដំណើរ ទៅកាន់ទីក្រុងប៉េកាំង វិញដែរ នៅក្នុងខែកញ្ញា ឆ្នាំ២០២៦ នេះ ៕
ប្រភព ៖ CNA , ប្រែសម្រួល ៖ សារ៉ាត