អង់គ្លេស, បារាំង និងអាល្លឺម៉ង់ គាំទ្រឲ្យលោក ពូទីន ជួបលោក ហ្សេលែនស្គី
ឡុងដ៍ ៖ អង់គ្លេស, បារាំង និង អាល្លឺម៉ង់ ប្រកាសគាំទ្រសំណើរបស់ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលែនស្គី ដែលចង់ជួប តទល់មុខជាមួយនឹង លោក ពូទីន មេដឹកនាំប្រទេសរុស្ស៊ី។
បន្ទាប់ពីចូលរួមកិច្ចចរចា លើវិស័យការពារជាតិ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃអាទិត្យ, លោក Volodymyr Zelensky បានអះអាង តាមរយៈសេចក្តីថ្លែងការណ៍មួយថា «មេដឹកនាំ ទាំងបី បានគាំទ្រសំណើ សម្រាប់ការសន្ទនាដោយផ្ទាល់ រវាងអ៊ុយក្រែន និងរុស្ស៊ី ជាមួយនឹងការចូលរួមយ៉ាងសកម្មរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប ដើម្បីនាំមកនូវបទឈប់បាញ់ និងគាំទ្រការចរចាបន្ថែមទៀត»។
លោករៀបរាប់ទៀតថា «ពួកគេបាននិយាយថា ខ្សែទំនាក់ទំនង បច្ចុប្បន្ន គួរតែជាចំណុចចាប់ផ្តើម សម្រាប់ការចរចា…ព្រំដែនអន្តរជាតិ មិនត្រូវផ្លាស់ប្តូរ ដោយកម្លាំងទេ»។
ការអះអាងនេះធ្វើឡើង បន្ទាប់ពីលោក Zelensky បានជួបជាមួយ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer, ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅការិយាល័យ 10 Downing ខណៈដែលសង្រ្គាមរបស់រុស្ស៊ី បានអូសបន្លាយដល់ឆ្នាំទី៥។
លោក Zelensky បានស្នើឱ្យមានជំនួបទល់មុខគ្នា ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅក្នុងលិខិតចំហមួយ កាលពីថ្ងៃព្រហស្បតិ៍។ តែលោក ពូទីន បានច្រានចោលសំណើសុំជួបនេះ ដោយលោកនិយាយថា លោកមើលមិនឃើញ ចំណុចអ្វីដែលត្រូវនិយាយជាមួយ លោក Zelensky នោះឡើយ លុះត្រាតែកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានយល់ព្រម ជាមុនសិន៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
