ចិន ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាសជំនាន់ថ្មី ចំពីមុខកោះតៃវ៉ាន់
ប៉េកាំង ៖ មហាយក្សចិន បានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាសជំនាន់ថ្មី ម៉ូដែល HQ-16F នៅចំពីមុខកោះតៃវ៉ាន់តែម្តង ខណៈអ្នកវិភាគយោធាយល់ឃើញថា ប្រព័ន្ធនេះមានសមត្ថភាពខ្ពស់ និងមានលក្ខណៈស្រដៀងគ្នាទៅនឹងប្រព័ន្ធមីស៊ីល Patriot របស់សហរដ្ឋអាមេរិក ។
បើតាមទូរទស្សន៍រដ្ឋចិន CCTV, កងពលធំទី ៧៣ នៃកងទ័ពរំដោះប្រជាជនចិន ដែលឈរជើងនៅខេត្ត Fujian ពោលគឺនៅចំពីមុខកោះតៃវ៉ាន់ បានទទួលប្រព័ន្ធអាវុធថ្មីនេះ និងបានបាញ់សាកល្បងគ្រាប់ពិតដោយជោគជ័យនៅឯវាលខ្សាច់ Gobi កាលពីពេលថ្មីៗនេះ ។
ការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស HQ-16F ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងបណ្តាញការពារដែនអាកាសរបស់ប្រទេសចិន នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ។
បើតាម South China Morning Post, HQ-16F ជាប្រព័ន្ធមីស៊ីលការពារដែនអាកាសកម្រិតមធ្យម មានសមត្ថភាពស្ទាក់ចាប់គោលដៅក្នុងចម្ងាយប្រហែល ១៦០ គីឡូម៉ែត្រ ឆ្ងាយជាងម៉ូដែល HQ-16A ជំនាន់មុនរហូតដល់ ៤ ដង ។
ជាមួយគ្នានេះ វាមានសមត្ថភាពបាញ់កម្ទេចយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក មីស៊ីលនាំផ្លូវលឿនជាងសំឡេង និងមីស៊ីលផ្លោងយុទ្ធសាស្ត្រ ក្នុងរយៈកម្ពស់រហូតដល់ទៅ ២៧ គីឡូម៉ែត្រផងដែរ ។
ប្រព័ន្ធមីស៊ីល HQ-16F រំពឹងនឹងជួយឱ្យមហាយក្សនៅអាស៊ីមួយនេះ បង្កើនសមត្ថភាពគ្រប់គ្រងដែនអាកាស ព្រមទាំងអាចទប់ទល់នឹងមីស៊ីល ATACMS ឬប្រព័ន្ធបាញ់រ៉ុក្កែត HIMARS ដែលតៃវ៉ាន់ទិញពីសហរដ្ឋអាមេរិក ។
មិនត្រឹមតែប៉ុណ្ណោះ វាក៏នឹងជួយបង្កើនលទ្ធភាពរបស់ទីក្រុងប៉េកាំង ក្នុងការអនុវត្តយុទ្ធសាស្ត្របិទខ្ទប់កោះតៃវ៉ាន់ផងដែរ ប្រសិនបើមានជម្លោះយោធាណាមួយកើតឡើងនាពេលអនាគត ៕
ប្រភព ៖ South China Morning Post ប្រែសម្រួល ៖ ឈឹម ទីណា
