លោក ត្រាំ ថា នឹងប្រកាសឈ្នះសង្គ្រាមអ៊ីរ៉ង់ពេញលេញ ២សប្តាហ៍ទៀត
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បង្ហាញពីការជឿជាក់ កាលពីថ្ងៃចន្ទថា ទីក្រុងវ៉ាស៊ីនតោននឹងប្រកាសជ័យជំនះពេញលេញ ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងរយៈពេល ពីរ សប្តាហ៍ខាងមុខ។
បើតាម Anadolu, លោក Trump ក៏បានធ្វើអត្ថាធិប្បាយ លើភាពតានតឹងកាន់តែខ្លាំងឡើង រវាងអ៊ីរ៉ង់និងអ៊ីស្រាអែល ផងដែរ។ លោកបានអំពាវនាវឱ្យអ៊ីស្រាអែលនិងអ៊ីរ៉ង់ បញ្ឈប់ការបាញ់ប្រហារ ជាបន្ទាន់។ ការអះអាងនេះ ធ្វើឡើង បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលទៅលើអ៊ីស្រាអែលជាលើកដំបូង ចាប់តាំងពីមានបទឈប់បាញ់ ក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដែលបានដាក់ចេញ កាលពីថ្ងៃទី៨ ខែមេសា។
ថ្លែងក្នុងពេលចូលរួម ក្នុងសន្និសីទទូរគមនាគមន៍ ដែលរៀបចំឡើងសម្រាប់សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ កាលពីថ្ងៃទី៨ ខែមិថុនា, លោក Trump បានសង្កត់ធ្ងន់ថា ពេលនេះស្ថិតក្នុងជំហរដ៏ល្អមួយទាក់ទងនឹងប្រទេសអ៊ីរ៉ង់ ហើយដំណើរការទាក់ទងនឹងកិច្ចព្រមព្រៀង កំពុងដំណើរការល្អ ដោយបន្ថែមថា បញ្ហានេះ នឹងត្រូវបិទបញ្ចប់ ក្នុងពេលឆាប់ៗនេះ។
លោកបញ្ជាក់ថា «យើងមានក្រុមខ្លាំងមួយ ហើយខ្ញុំគិតថា យើងកំពុងឈ្នះសង្រ្គាមនេះ យើងពិតជានឹងឈ្នះ នៅពេលដែលយើងប្រកាសជ័យជម្នះពេញលេញ ក្នុងរយៈពេល ពីរ សប្តាហ៍ខាងមុខ»។
ទោះបីជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល អះអាងថា យល់ព្រម ពន្យារពេលវាយប្រហារលើអ៊ីរ៉ង់ បន្ទាប់ពីលោក Trump ជំរុញដោយផ្ទាល់ កុំឱ្យមានការសងសឹក ក៏ដោយ, ក៏តំបន់មួយចំនួននៅអ៊ីរ៉ង់ ត្រូវបានវាយប្រហារ។
យ៉ាងណា ចុងក្រោយនេះ កាលពីថ្ងៃចន្ទ អ៊ីរ៉ង់ និង អ៊ីស្រាអែល បានអះអាងពីការផ្អាកសកម្មភាពវាយប្រហារគ្នា ទៅវិញទៅមក។ ប៉ុន្តែ អ៊ីរ៉ង់ព្រមានថា នឹងផ្លោងមីស៊ីលដាក់អ៊ីស្រាអែលជាថ្មី បើហ៊ានតែវាយប្រហារលីបង់ទៀត។ អ៊ីស្រាអែលវិញ ប្រាប់ថា នឹងបន្តកំចាត់ពួកហេសបូឡា នៅលីបង់ ហើយប្រាប់អាមេរិកថា ខ្លួនមានសិទ្ធិការពារខ្លួន៕
ប្រភព ៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត
