លោក ស៊ី និងលោក គីម ព្រមព្រៀងជំរុញទំនាក់ទំនង ចិន-កូរ៉េខាងជើង កាន់តែស៊ីជម្រៅ
ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យផ្សេងៗឱ្យកាន់តែស៊ីជម្រៅ នៅក្នុងកិច្ចប្រជុំកំពូលកាលពីថ្ងៃ ចន្ទ ។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់កូរ៉េខាងជើង, លោក គីម បានប្រាប់លោក ស៊ី ថា រូបលោកនឹងគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលការណ៍ចិនតែមួយ ដែលទីក្រុងប៉េកាំងចាត់ទុកថា ភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ ជាកម្មសិទ្ធិរបស់ប្រទេសតែមួយ ដោយមិនគិតពីស្ថានភាពអន្តរជាតិផ្លាស់ប្តូរយ៉ាងណានោះទេ ។
លោក ស៊ី ដែលកំពុងបំពេញទស្សនកិច្ចលើកដំបូងមកកាន់កូរ៉េខាងជើងក្នុងពេល ៧ ឆ្នាំ បានប្រាប់លោក គីម វិញថា លោកនឹងប្រើប្រាស់ដំណើរទស្សនកិច្ចនេះ ជាឱកាសមួយ ដើម្បីសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងទំនាក់ទំនងទ្វេភាគី ។
យោងតាម KCNA, មេដឹកនាំទាំងពីរក៏បានយល់ព្រមធ្វើឱ្យទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ តាមរយៈដំណើរទស្សនកិច្ចរបស់ក្រុមន្ត្រីជាន់ខ្ពស់ផងដែរ ។
យ៉ាងណា KCNA មិនបានចេញផ្សាយថាតើមេដឹកនាំទាំងពីរបានពិភាក្សាអំពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែរឬអត់ ក៏ដូចជាទំនាក់ទំនងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកនោះទេ ។
បើតាម Straits times, មហាយក្សចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កូរ៉េខាងជើង ហើយអ្នកវិភាគជឿជាក់ថា វិស័យពាណិជ្ជកម្ម និងទេសចរណ៍ ទំនងជារបៀបវារៈកំពូល នៃដំណើរទស្សនកិច្ចរបស់លោក ស៊ី ។
យោងតាមវិទ្យាស្ថានស្រាវជ្រាវមានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន The National Committee on North Korea, កូរ៉េខាងជើងពឹងផ្អែកលើចិនដល់ទៅ ៩៥ ភាគរយក្នុងការធ្វើពាណិជ្ជកម្ម និង ៨៥ ភាគរយនៃការនាំចេញសរុបរបស់ខ្លួន ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
