លោក ណេតាន់យ៉ាហ៊ូ ប្រាប់លោក ត្រាំ ថា អ៊ីស្រាអែល នឹងប្រើសិទ្ធិការពារខ្លួនប្រឆាំងនឹង អ៊ីរ៉ង់
ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃ ចន្ទ ថា រូបលោកបានប្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថា អ៊ីស្រាអែលនឹងរក្សាសិទ្ធិការពារខ្លួន ដើម្បីប្រឆាំងនឹងអ៊ីរ៉ង់នៅពេលណាក៏បាន ទោះបីជាមានការជំទាស់ជាសាធារណៈរបស់លោក ត្រាំ ក៏ដោយ ។
មេដឹកនាំអ៊ីស្រាអែលរូបនេះ បានថ្លែងអះអាងក្នុងសេចក្តីថ្លែងការណ៍មួយ ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ថា អ៊ីស្រាអែលមានសិទ្ធិពេញលេញ ក្នុងការការពារខ្លួន ហើយអ៊ីស្រាអែលកំពុងអនុវត្តវាទៅតាមតម្រូវការ ។
លោក ណេតាន់យ៉ាហ៊ូ បន្ថែមថា ខ្ញុំនិយាយបែបនេះទៅកាន់អ្នករាល់គ្នា ដូចដែលខ្ញុំនិយាយពីវា ដោយការកោតសរសើរ និងការគោរពនៅក្នុងការសន្ទនាដ៏ល្អរបស់ខ្ញុំជាមួយមិត្តរបស់ខ្ញុំ គឺលោកប្រធានាធិបតី ត្រាំ ។
ទន្ទឹមគ្នា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលមានវ័យ ៧៥ឆ្នាំរូបនេះ ក៏បានព្រមានផងដែរថា ប្រសិនបើអ៊ីរ៉ង់បង្កកំហុសឆ្គងម្តងទៀត ហើយនៅតែបន្តវាយប្រហារមកលើអ៊ីស្រាអែល នោះពួកគេនឹងទទួលបានការសងសឹកយ៉ាងចាស់ដៃបំផុត ។
ការព្រមានរបស់លោក ណេតាន់យ៉ាហ៊ូ កើតឡើងបន្ទាប់ពីអ៊ីរ៉ង់ កាលពីថ្ងៃ អាទិត្យ សប្តាហ៍មុន បានបាញ់ស្រោចមីស៊ីលចូលទៅក្នុងទឹកដីអ៊ីស្រាអែល ។
នេះជាលើកដំបូងហើយ ដែលអ៊ីរ៉ង់បានវាយលុកលើអ៊ីស្រាអែល ក្នុងអំឡុងពេលមានបទឈប់បាញ់ដ៏ផុយស្រួយជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
