ប្រធានាធិបតីលីបង់ អំពាវនាវដ៏កម្រដល់ អ៊ីស្រាអែល ឱ្យបន្តចរចា ជាជាងធ្វើសង្គ្រាម

បេរូត ៖ ប្រធានាធិបតីលីបង់ លោក Joseph Aoun បានធ្វើការអំពាវនាវដ៏កម្រដោយផ្ទាល់មួយ ទៅកាន់រដ្ឋាភិបាល និងប្រជាជនអ៊ីស្រាអែល ឱ្យវិលមករកតុចរចា ជាជាងការប្រើប្រាស់កម្លាំងយោធា ដើម្បីបញ្ចប់សង្គ្រាម ។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយ CNN ដែលចាក់ផ្សាយកាលពីថ្ងៃ ចន្ទ លោកប្រធានាធិបតី Aoun បាននិយាយថា ដំណោះស្រាយយោធា នឹងមិនអាចផ្តល់សន្តិសុខ និងសុវត្ថិភាពយូរអង្វែងដល់ប្រជាជនអ៊ីស្រាអែលនៅភាគខាងជើងបានឡើយ ។

បន្ថែមលើនេះ លោកបានប្រកាសពីជំហររបស់លីបង់ច្បាស់ៗថា យើងបានត្រៀមខ្លួនរួចរាល់ហើយ យើងមានឆន្ទៈ និងមានការប្តេជ្ញាចិត្ត ។ ចុះអ្នកវិញ? ប្រសិនបើអ្នករួចរាល់ហើយ តោះ! យើងមកអង្គុយជជែកគ្នា ។

យ៉ាងណា លោកប្រធានាធិបតី Aoun បានបដិសេធមិនជួបពិភាក្សាផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ឡើយ រហូតទាល់តែមានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ត្រូវបានចុះហត្ថលេខាជាមុនសិន ។

មេដឹកនាំលីបង់រូបនេះ បានសង្កត់ធ្ងន់ថា រាល់កិច្ចព្រមព្រៀងដែលនឹងអាចកើតមានឡើង គឺជាសន្ធិសញ្ញាមិនឈ្លានពានគ្នាទៅវិញទៅមក ។ មិនមែនជាសន្ធិសញ្ញាសន្តិភាពពេញលេញនោះទេ ប៉ុន្តែវាជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពដ៏យូរអង្វែង ។

បើតាម Straits Times, សង្គ្រាមនៅលីបង់បានផ្ទុះឡើងចាប់តាំងថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមហេសបូឡាបានវាយប្រហារលើអ៊ីស្រាអែល ដើម្បីគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួន គឺអ៊ីរ៉ង់ ។

ក្រោយមក អ៊ីស្រាអែលបានសងសឹកវិញ ជាមួយនឹងយុទ្ធនាការវាយលុកតាមផ្លូវអាកាស និងប្រតិបត្តិការតាមជើងគោក នៅភាគខាងត្បូងនៃប្រទេសលីបង់ ។

រហូតមកទល់ពេលនេះ មនុស្សជាង ៣,៦០០ នាក់ត្រូវបានសម្លាប់ ដោយសារស្នាដៃរបស់អ៊ីស្រាអែលប្រឆាំងនឹងលីបង់ ខណៈប្រជាជនលីបង់ជាងមួយលាននាក់ត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner