ក្រុមហ៊ុន Green Leader (Cambodia) Co., Ltd នៅទីក្រុងហុងកុង ចំណាយទុនវិនិយោគជាង២០លានដុល្លារសហរដ្ឋអាម៉េរិក បង្កើតរោងចក្រកែច្នៃដំឡូងមី នៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន រសៀលថ្ងៃទី២៦មីនា ២០១៩ បានទទួលជួបលោក Michael Tse ប្រធានក្រុមហ៊ុន Green Leader (Cambodia) Co., Ltd ដែលមានទីស្នាក់ការធំនៅទីក្រុងហុងកុង ដើម្បីពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃផែនការវិនិយោគរោងចក្រកែច្នៃផលិតផលកសិកម្មនៅកម្ពុជាលើផ្លែស្វាយ និងដំឡូងមី និងណែនាំជូនឯកឧត្តមរដ្ឋមន្ត្រី ស្គាល់ពីក្រុមហ៊ុនជាដៃគូ ហើយក៏ជាអ្នកជំនាញក្នុងការកែច្នៃដំឡូងមីមកពីប្រទេសកាណាដា។

សូមបញ្ជាក់ថា រោងចក្រកែច្នៃដំឡូងមី ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ហើយ នឹងបើកដំណើរការសាកល្បងនាខែឧសភាខាងមុខនេះ នៅលើផ្ទៃដីសរុបជាង២០ហិតា ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកស្នួល ខេត្តក្រចេះ ដែលត្រូវចំណាយទុនវិនិយោគជាង២០លានដុល្លារសហរដ្ឋអាម៉េរិក។ រោងចក្រកែច្នៃដំឡូងមីនេះ នឹងមានសក្តានុពលកែច្នៃដំឡូងមីទៅជាម្សៅបានចំនួន១៣០ពាន់តោនក្នុងមួយឆ្នាំ និងអាចស្រូបយកវត្ថុធាតុដើមដំឡូងមីចំនួន៥០០ពាន់តោន ហើយក្នុងអំឡុងពេល៥ឆ្នាំខាងមុខ ក្រុមហ៊ុនក៏មានគម្រោងសាងសង់រោងចក្រខ្នាតធំនេះឲ្យបាន២០រោងចក្រទូទាំងប្រទេស។

ដើម្បីឲ្យការផែនការវិនិយោគនេះ ទទួលបានជោគជ័យ ក្រុមហ៊ុនបានបង្កើតកិច្ចសហការយ៉ាងល្អប្រសើរ និងប្រទាក់ក្រឡាគ្នាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអភិវឌ្ឍន៍ UNDP Cambodia ដោយបានសម្រេចការសិក្សា ស្រាវជ្រាវផែនការដាំដុះ និងផ្ទៃដីដាំដុះដំឡូងមីរបស់ប្រជាកសិករជាង៥,៥ពាន់គ្រួសារ លើផ្ទៃដីជាង៣០ពាន់ហត នៅក្នុងតំបន់គោលដៅ។ អ្វីដែលជាមោទនៈនោះគឺ បានរួមគ្នាចងក្រងប្រជាកសិករទាំងនោះទៅជា២៧សហគមន៍ ហើយកំពុងឈានឆ្ពោះទៅបញ្ចប់ការចរចាផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយពួកគាត់។

ដោយឡែក ពាក់ព័ន្ធនឹងរោងចក្រកែច្នៃផ្លែស្វាយនៅខេត្តកំពង់ស្ពឺ ដែលមានលទ្ធភាពនាពេលបច្ចុប្បន្ននេះ បានធ្វើការកែច្នៃជាដំណាប់ស្វាយបានចំនួន២ពាន់តោនក្នុងឆ្នាំ ហើយនៅបំណាច់ខែមេសាខាងមុខនេះ នឹងមានរោងចក្រថ្មីមួយទៀតអាចដំណើរការ ដែលឈានទៅដល់ការផលិតដំណាប់ស្វាយបាន៣ពាន់តោនក្នុងមួយឆ្នាំបន្ថែមទៀត។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានបញ្ជាក់ផងដែរថា កំពុងដំណើរការយ៉ាងល្អប្រសើរ ដោយមានការបញ្ជាទិញពីបរទេសជាបន្តបន្ទាប់ ហើយក្រុមហ៊ុននឹងអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីទៅសម្ពោធរោងចក្រកែច្នៃផ្លែស្វាយទី២ ស្ថិតនៅខេត្តកំពង់ស្ពឺនោះដែរ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ហើយកំពុងសិក្សាសាងសង់រោងចក្របន្ថែមទៀតនៅខេត្តកំពង់ចាមផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន ក៏បានគូសបញ្ជាក់ថា នេះគឺជាសមិទ្ធិផលថ្មីមួយទៀតដែលរាជរដ្ឋាភិបាលសម្រេចបានតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្របតាមការអនុវត្តគោលនយោបាយ វិនិយោគវិស័យឯកជនក្នុងការកែច្នៃវត្ថុធាតុដើម ទៅជាផលិតផលសម្រេច សម្រាប់ធ្វើការនាំចេញ ហើយនេះគឺជាគោលនយោបាយដ៏ត្រឹមត្រូវមួយ ដើម្បីកាត់បន្ថយការនាំចេញវត្ថុធាតុដើម  បង្កើនតម្លៃបន្ថែម បង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក ធានាតម្លៃ និងទីផ្សារស្វាយ និងដំឡូងមី ជូនប្រជាកសិករ ដោយអនុវត្តតាមអភិក្រម រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍តាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឲ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការកែច្នៃផ្លែល្ហុង មៀន និងម្នាស់ ដែលផលិតផលទាំងនេះកំពុងមានសក្តានុពលខ្ពស់ទាំងការដាំដុះ និងទីផ្សារ។
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ មកដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជារួម ការនាំចេញផ្លូវការនៃផលិតផលស្វាយទូទាំងប្រទេសសរុបបានចំនួន១៥,២៨២តោន និងផលិតផលដំឡូងមីចំនួន១,០៨លានតោន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner