សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យើងនឹងធ្វើកំណែទម្រង់ច្រើន ដើម្បីជំរុញការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសយើង យើងមិនត្រូវពឹងពាក់ទៅលើអ្នកនេះ អ្នកនោះ ឬតម្រូវឲ្យអ្នកនេះ អ្នកនោះ មកបញ្ជាយើងនោះទេ
ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៧-២០១៨ សរុប ១,៩១៨នាក់ (នារី៧១៣នាក់) នៅវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា យើងនឹងមានធ្វើកំណែទម្រង់ច្រើនណាស់ដើម្បីជំរុញការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសយើង។ សម្តេចថា យើងមិនត្រូវពឹងពាក់ទៅលើអ្នកនេះ អ្នកនោះ ឬតម្រូវឲ្យអ្នកនេះ អ្នកនោះមកបញ្ជាយើងនោះទេ។
យើងត្រូវតែរឹងមាំខ្លួនឯង តាមរយៈការរុញច្រានប្រទេសយើង ឲ្យមានកំណើនសេដ្ឋកិច្ច ហើយយើងត្រូវប្រឹងដើម្បីលុបបំបាត់អាពាក្យថា អ្ហែងធ្វើតាមអញ បានអញឲ្យឯង ឬលុបបំបាត់អាពាក្យថា បើមិនធ្វើតាមគេ គេនឹងកាត់នេះ កាត់នោះ ដូច្នេះយើងត្រូវតែប្រឹងដោយខ្លួនយើង តាមរយៈការធ្វើកំណែទម្រង់ជាច្រើន។ ក្នុងនោះសម្ដេចថា យើងនឹងខិតខំពង្រឹងផ្ទៃក្នុងរបស់យើង នឹងបង្កើនមិត្តទៅខាងក្រៅ ប្រកបដោយភាពឯករាជ្យ បានន័យថា យើងមិនត្រូវតម្រូវចិត្តអ្នកនេះ ឬអ្នកនោះទៀតទេ ។
ក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃនេះពិតជាមានការរីករាយ ដែលបានជួបជាថ្មីម្តងទៀតសម្រាប់ក្មួយៗជ័យលាភីទាំងអស់ ដែលមុននឹងចេញទៅប្រកបការងារជាគ្រូបង្រៀន។ ជាមួយនឹងសមិទ្ធផលនេះ សម្ដេចតេជោ ក៏បានរំឭកអំពីទីកន្លែងនៃវិទ្យាស្ថានជាតិអប់រំ ដែលក្នុងរយៈពេល 40 ឆ្នាំមកនេះ ជាពិសេស គឺចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧៩ និងទសវត្ស៨០ យើងពិតជាមានការលំបាកណាស់ក្នុងការបណ្ដុះបណ្ដាលគ្រូរបស់យើង ដោយចាប់ផ្ដើមពីទីកន្លែងនេះ តម្រូវការគ្រូរបស់យើងនៅពេលនោះ ដោយយកអ្នកបង្រៀន អ្នកចេះច្រើនបង្រៀនអ្នកចេះតិច ហើយអ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ និងជាបន្តបន្ទាប់។ យើងបានខិតខំរួមគ្នា ដើម្បីកែប្រព័ន្ធអប់រំ ឲ្យមានការរីកចម្រើនល្អប្រសើររហូតមកដល់ពេលបច្ចុប្បន្ននេះ។ យើងមានប្រព័ន្ធអប់រំមួយ ប្រសើរជាងមុនដែលគ្រូៗរបស់យើង មានគរុកោសល្យ និងមានគុណភាព ព្រមទាំងត្រូវបានដាក់ពង្រាយនៅគ្រប់ខេត្តទូទាំងប្រទេសថែមទៀតផង។
សម្ដេចតេជោក៏បានជំរុញឲ្យលោកគ្រូ អ្នកគ្រូរបស់យើង បន្តដំណើរនេះទៅទៀត ដើម្បីពង្រឹងគុណភាពគ្រូៗរបស់យើងជាបន្តទៀត។ ត្រង់ចំណុចនេះ សម្ដេចក៏បានឲ្យគ្រូៗរបស់យើង ត្រូវពង្រឹងការអប់រំ សីលធម៌ គុណធម៌ ដល់សិស្ស និស្សិត ជាពិសេស ការចូលរួមផ្សព្វផ្សាយ លុបបំបាត់កាត់ បន្ថយក្រុមបងតូចបងធំ ការប្រើប្រាស់គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីការខ្វះគុណធម៌សីលធម៌នេះឯង។ ជាមួយនេះ ដោយសារប្រទេសយើង មានការឈប់សម្រាកច្រើនបើប្រៀបធៀបទៅនឹងប្រទេសដទៃ សម្តេចថា នឹងគិតគូរឲ្យមានការកាត់បន្ថយការឈប់សម្រាកខ្លះផងដែរ ហើយជាមួយនោះ សម្ដេចក៏បានសុំការយោគយល់អំពីអ្នករកស៊ីនៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា គរុសិស្ស និស្សិត ដែលទទួលសញ្ញាបត្រនេះ រួមមាន៖ និស្សិតអធិការអប់រំចំនួន៤០នាក់ (នារី៤នាក់) បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ២៣នាក់ (នារី៣នាក់) និស្សិតវិជ្ជាជីវៈ នាយកសាលាមធ្យមសិក្សាទុតិយភូមិ ១៨នាក់ (នារី១នាក់) គ្រូបង្រៀនកម្រិតឧត្តមបរិញ្ញាបូក១ ចំនួន ៨០៥នាក់ (នារី៣២៤នាក់) គ្រូបង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿន ៩៨៨នាក់ (នារី ៣៥០នាក់) គ្រូបង្រៀនកម្រិតមូលដ្ឋានភាសាបារាំង-ខ្មែរ ១២ បូក២ ចំនួន៤៤នាក់ (នារី៣១នាក់)។
ជាមួយគ្នានេះ ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ វិទ្យាស្ថានជាតិអប់រំ បណ្តុះបណ្តាលគ្រូ និងមន្ត្រីអប់រំបាន ៣ម៉ឺននាក់ និងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៨ បណ្តុះបណ្តាលគ្រូ និងមន្ត្រីអប់រំបាន២០,៣៨៥នាក់ (នារី ៦៥១នាក់)។ គរុសិស្ស និស្សិត ដែលបញ្ចប់ការសិក្សា និងទទួលបានបរិញ្ញាបត្រនៅថ្ងៃនេះ នឹងក្លាយជាធនធានថ្មីបន្ថែមទៀត សម្រាប់ជួយដល់វិស័យអប់រំនៅកម្ពុជា និងជួយបណ្តុះបណ្តាលកូនខ្មែរឲ្យក្លាយជាធនធានដ៏សំខាន់សម្រាប់រួមចំណែកអភិវឌ្ឍន៍ជាតិ៕ធ.ដ