ឃាត់ខ្លួនអ្នករត់កង់បីឥណ្ឌាម្នាក់ ក្នុងករណីរក្សាទុក និងជួញដូរគ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រៃ-ស ឃាត់ខ្លួន ក្រោយពេលឆែកឆេររកឃើញគ្រឿងញៀន១កញ្ចប់ធំលាក់ទុកក្នុងរ៉ឺម៉កកង់បីឥណ្ឌា បម្រុងយកទៅចែកចាយឱ្យម៉ូយ កាលពីម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃ-ស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលដែលសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ កាន ម៉ារីន អាយុ៣០ឆ្នាំ មុខរបររត់រ៉ឺម៉កកង់បីឥណ្ឌា(passapp) ស្នាក់នៅការដ្ឋានបុរីពិភពថ្មីចម្ការដូង។ សមត្ថកិច្ចបានដកហូតថ្នាំញៀន១កញ្ចប់ធំ រ៉ឺម៉កកង់បី១គ្រឿង ទូរសព្ទដៃចំនួន៣គ្រឿង ខ្សែក និងខ្សែដៃក្លែងក្លាយចំនួន២ខ្សែ។ បន្ទាប់មក សមត្ថកិច្ចជំនាញបាននាំខ្លួនជនសង្ស័យទៅធ្វើការសាកសួរបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃ-ស។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងនេះ រូបគេបានទិញមកពីជនសង្ស័យម្នាក់ទៀត ទុកយកមកចែកចាយឱ្យក្រុមជាងសំណង់ក្នុងការដ្ឋានបុរីពិភពថ្មី។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner