អភិបាលខណ្ឌឫស្សីកែវ ដាក់ចេញផែនការរួមរបស់សាលារាជធានីភ្នំពេញ សម្រាប់មន្ត្រីអនុវត្តក្នុងពេលចូលឆ្នាំព្រពៃណីជាតិខ្មែរខាងមុខ
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំគណៈអភិបាលនៃរដ្ឋបាលខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវផែនការរួម ដែលជាការងារស្នូលរបស់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់មន្ត្រីមានដើមទុនក្នុងការបន្តអនុវត្តភារកិច្ចឲ្យមានប្រសិទ្ធភាពរួមមាន៖
១)ការធ្វើកាលវិភាគប្រជុំប្រចាំសប្ដាហ៍ សម្រាប់គណៈអភិបាលនូវរៀងរាល់ថ្ងៃសុក្រ
២)ការយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់សាធារណៈ
៣)ការពិនិត្យតាមដានរាល់គ្រប់ក្លិបកម្សាន្តនានា លើបញ្ហាបង្កាបង្ក្រាបទប់ស្កាត់គ្រឿងញៀន
៤)ផ្ដោតសំខាន់លើការត្រៀមរៀបចំឡានទឹក សម្រាប់បង្កាទប់ស្កាត់អគ្គិភ័យអាចកើតមានឡើងជាយថាហេតុ ដែលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
ក្នុងកិច្ចប្រជុំគណៈអភិបាលនេះដែរ លោក ជា ពិសី បានសង្កត់ថា ដើម្បីឱ្យសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងចរាចរណ៍បានល្អប្រសើរ គឺអាស្រ័យទៅលើបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តន៍តាមសេចក្ដីណែនាំរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចដែលពាក់ព័ន្ធ ព្រោះជាកត្តាសំខាន់ក្នុងការដោះស្រាយបញ្ហាចរាចរណ៍ លើកកម្ពស់កិត្តិយសជាតិ និងកាត់បន្ថយបានភាពអនាធិបតេយ្យតាមដងផ្លូវ។ លោកបានសង្កត់ធ្ងន់ទៀតថា ស្របពេលដែលថ្នាក់ដឹកនាំសំខាន់ៗ និងសមត្ថកិច្ចគ្រប់ជំនាញ បាននឹងកំពុងយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងលើបញ្ហាគ្រឿងញៀន សូមឲ្យយកចិត្តទុកដាក់ចុះត្រួតពិនិត្យនូវរាល់គ្រប់ក្លិបកម្សាន្តសប្បាយភាពនានា និងនៅតំបន់ស្មុគស្មាញមួយចំនួន ដើម្បីមានរបាយការណ៍ ឬមានវិធានការបន្ត ក្នុងការបង្កាទប់ស្កាត់ឲ្យមានប្រសិទ្ធភាពចំពោះបញ្ហាគ្រឿងញៀន។
លោកអភិបាលខណ្ឌឫស្សីកែវបានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា រយៈពេល៣ថ្ងៃជាប់គ្នា ខាងមុខនេះ រដ្ឋបាលខណ្ឌមានរៀបចំពិធីសង្ក្រាន្ដ២០១៩ នៅវត្តទួលសន្តិវ័ន្ដ (ហៅវត្តទួលអស់លោក) ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ដើម្បីជួបជុំ ទាំងសប្បុរសជន អាជីវករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន ព្រះសង្ឃ ជាពិសេសប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ នូវទូទាំងខណ្ឌ អាចមកចូលរួមកម្សាន្តសប្បាយ ដោយមានការរាំរែកផងដែរក្នុងព្រឹត្តិការណ៍សង្ក្រាន្តឫស្សីកែវ ក្នុងឆ្នាំ២០១៩នេះ៕ម.ន