អភិបាលរងខេត្តកំពង់ស្ពឺ បន្តជំរុញ និងលើកទឹកចិត្តឲ្យប្រជាកសិករមកពី៥២សហគមន៍ ដាំដំណាំបន្លែធម្មជាតិគ្មានសារធាតុគីមី
កំពង់ស្ពឺ៖ ឯកឧត្តម ព្រំ វណ្ណៈ អភិបាលរងខេត្តកំពង់ស្ពឺ មានប្រសាសន៍ទៅកាន់បងប្អូនប្រជាសហគមន៍ជាង៣០០នាក់ មកពី៥២សហគមន៍ ដោយឯកឧត្តមលើកឡើងថា ឯកឧត្តមសូមកោតសរសើរ និងបន្តជំរុញការលើកទឹកចិត្តឲ្យប្រជាកសិករទាំងអស់នៅក្នុងទូទាំងខេត្តកំពង់ស្ពឺ ឲ្យខិតខំបន្តដាំដំណាំបន្លែគ្មានសារធាតុគីមីបន្ថែមទៀត ថ្វីត្បិតសហគមន៍កសិកម្មបន្លែចម្រុះជាយក្រុងកំពង់ស្ពឺ ទទួលបានជ័យលាភីលេខ១ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ផ្នែកការផ្គត់ផ្គង់បន្លែគ្មានសារធាតុគីមី និងទទួលស្គាល់ពីផ្សារទំនើបៗ នៅរាជធានីភ្នំពេញ និងផ្សារនានាក្នុងខេត្តមួយចំនួនទៀត។ សហគមន៍ក៏ទទួលបាននូវទឹកប្រាក់លើកទឹកចិត្ត១០លានរៀល គោយន្តចំនួន២គ្រឿង ម៉ាស៊ីនបូមទឹកចំនួន១០គ្រឿង។ ឯកឧត្តមក៏បានបន្តជំរុញឲ្យសមាជិកសហគមន៍ទាំងអស់ ត្រូវបន្តខិតខំដាំបន្លែបន្ថែមទៀត ដើម្បីប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ សហគមន៍ និងរក្សាបាននូវជ័យលាភីលេខ១ នៅឆ្នាំបន្តបន្ទាប់ទៀត។
បើតាមរបាយការណ៍របស់ លោក ទិត តុន នាយកប្រតិបត្តិ P U A C បានឲ្យដឹងថា កំពង់ស្ពឺនឹងទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេសក្នុងចំណោម១១១៦សហគមន៍នៅពេលអនាគត។ លោកនឹងខិតខំបន្តពូនជ្រុំ ដើម្បីលើកកម្ពស់ វិស័យបន្លែធម្មជាតិគ្មានសារធាតុគីមី ឲ្យកាន់តែមានការចូលរួមដាំច្រើនបន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយបាននូវការនាំចូលបន្លែពីបរទេស។
លោកបានបញ្ជាក់ឲ្យដឹងផងដែរថា ពីមុនសហគមន៍ ក្នុងមួយសប្តាហ៍ បាននាំបន្លែចេញបានតែ៣ថ្ងៃប៉ុណ្ណោះ ក្នុងមួយសប្តាហ៍ គឺមានចំនួនពី៤០០គីឡូក្រាមទៅ៥០០គីឡូក្រាម ក្នុងពេលនាំចេញម្តងៗ តែបច្ចុប្បន្ននេះបាននាំចេញរៀងរាល់ថ្ងៃក្នុងមួយថ្ងៃចាប់ពី៤០០គីឡូក្រាមទៅ៥០០គីឡូក្រាម។
គួរបញ្ជាក់ផងដែរថា ពិធីមហាសន្និបាតនេះ បានប្រារព្ធធ្វើនៅថ្ងៃទី២១ ខែមីនាឆ្នាំ ២០១៩ ស្ថិតនៅក្នុងភូមិចម្ការដូង សង្កាត់ច្បារមន ក្រុងច្បារមនខេត្តកំពង់ស្ពឺ មានសមាសភាពចូលរួមប្រមាណជាង៣០០នាក់ ព្រមទាំងមានតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត តំណាងក្រុង-ស្រុក ជាច្រើនរូបទៀតផងដែរ៕ធ.ដ