អនុប្រធានសភាសភាឌូម៉ា សហព័ន្ធរុស្ស៊ីពេញចិត្តចំពោះខ្លឹមសារកិច្ចប្រជុំសមាជិកសភាស្រ្តី APPF នៅកម្ពុជា
លោកជំទាវ អុលហ្គា យេពីហ្វាណូវ៉ា អនុប្រធានសភាឌូម៉ា សហព័ន្ធសហព័ន្ធរុស្ស៊ី ក្នុងជំនួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខាសៀមរាប ខណៈលោកជំទាវដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំលើកទី២៧ APPF ដែលសភាកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះបាន សម្តែងការពេញចិត្តចំពោះខ្លឹមសារកិច្ចប្រជុំសមាជិកសភាស្រ្តី APPF នៅកម្ពុជា។ លោកជំទាវ អុលហ្គា យេពីហ្វាណូវ៉ា បានថ្លែងអំណរគុណចំពោះសភាកម្ពុជា ដែលបានជ្រើសរើសលោកជំទាវធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំសមាជិកសភាស្រ្តី APPF ដ៍មានសារៈសំខាន់។ លោកជំទាវបានជម្រាបសម្តេចប្រធានរដ្ឋសភាថា ខ្លឹមសារកិច្ចប្រជុំសមាជិកសភាស្រ្តី APPF មានសារៈសំខាន់ណាស់ក្នុងការពង្រឹងតួនាទីស្រ្តី ក្នុងការចូលរួមចំណែកកសាងសុខសន្តិភាពនៅក្នុងសង្គមជាតិ។ លោកជំទាវបានគូសបញ្ជាក់ថា នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅម្ពុជានេះ គណៈប្រតិភូសភាឌូម៉ា សហព័ន្ធសហព័ន្ធរុស្ស៊ី ក៍បានជួបពិភាក្សាការងារជាមួយសមាជិកស្រ្តីរដ្ឋសភាកម្ពុជាផងដែរ ដើម្បីពង្រឹកពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែរឹងមាំថែមទៀត។ ក្រៅពីនេះលោកជំទាវ បានស្នើសម្តេច ប្រធាន រដ្ឋសភាកម្ពុជាជួយជំរុញទំនាក់ទំនងរវាងប្រជាជនទាំងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំឡើង ជាពិសេសទំនាក់ក្នុងស្រទាប់យុវជនប្រទេសទំាងពីរ។
ជាការឆ្លើយតប សម្តេចប្រធានរដ្ឋសភាកម្ពុជា បានសម្តែងក្តីសោមនស្សរីករាយជាទីបំផុត ដែលលោកជំទាវ អុលហ្គា យេពីហ្វាណូវ៉ា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមកិច្ចប្រជុំ APPF លើកទី២៧។ សម្តេចបន្តថា វត្តមានសភា ឌូម៉ារុស្ស៊ីនៅពេលនេះ បានរួមចំណែកដល់ការបន្តរឹតបន្តឹងទំនាក់ទំនង ចំណងមិត្តភាពជា ប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយទំាងពីរ ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិ កម្ពុជា-សហព័ន្ធរុស្ស៊ី ឲ្យកាន់តែរឹងមាំ និងជិតស្និទ្ធ។ សម្តចប្រធានរដ្ឋសភា បានចាត់ទុកប្រទេសរុស្ស៊ី ជាមិត្តចាស់ ជាមិត្តល្អ និងជាអ្នកជិតខាងល្អរបស់កម្ពុជា នៅគ្រប់កាលៈទេសៈ។ រុស្ស៊ីបានជួយគំាទ្រកម្ពុជាចាប់ពីទសវត្សឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ននេះ។ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ ប្រធានសភាឌូម៉ាសហព័ន្ធសហព័ន្ធរុស្ស៊ី គ្រោងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងឆ្នាំនេះ៕