ជនសង្ស័យ៥នាក់ ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខបង្ក្រាបបានជាបន្តបន្ទាប់ ពាក់ព័ន្ធករណីប្លន់ម៉ូតូ និងប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០៥នាក់ជាបន្តបន្ទាប់ នៅ៣ទីតាំងផ្សេងគ្នា ពាក់ព័ន្ធករណីប្លន់ម៉ូតូ និងប្រើប្រាស់គ្រឿងញៀន នេះបើយោងតាមរបាយការណ៍របស់លោក ហ៊ូរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ។
តាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ដែលឃាត់ខ្លួនទាំង៣ទីតាំង និងករណីផ្សេងគ្នានេះ រួមមាន៖ ករណីទី១ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១២ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យទី១)ឈ្មោះ នី ថៃសាន ភេទប្រុស អាយុ៣៦ មុខរបររត់ម៉ូតូឌុប និងទី២)ឈ្មោះ ហូ ម៉ៅ ភេទប្រុស អាយុ២០ មុខរបរជាងភ្លើង។ ចំណែកសម្ភារដកហូតមាន៖ ក្រាមសថ្លា១កញ្ចប់តូច និងម៉ូតូ១គ្រឿង។
ករណីទី២ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៥ និង៣០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ជនសង្ស័យទី១)ឈ្មោះ វ៉ាន់ សម្បត្តិ ភេទប្រុស អាយុ២៩ និងទី២)ឈ្មោះ ចន វិស័យ ភេទប្រុស អាយុ១៩។ ចំណែកសម្ភារដកហូតមាន៖ ក្រាមសថ្លា០២កញ្ចប់តូច និងម៉ូតូ១គ្រឿង។
ករណីទី៣ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១២ និង១០នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនេជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ប្លន់) ប្រើដៃមួលកជនរងគ្រោះយកម៉ូតូ នៅចំណុចតាមផ្លូវ១៩៥៨ ភូមិឧញ្ញាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ តូច ចន្ថា ភេទប្រុស អាយុ២៨ឆ្នាំ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ខែម ធឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង៥នាក់ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនិតិវិធី ៕