សមត្ថកិច្ចប៉ុស្តិ៍ក្បាលកោះបង្ក្រាបបទល្មើសគ្រឿងញៀន៣ករណី និងឃាត់ខ្លួនជនសង្ស័យបាន៦នាក់
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ថា កម្លាំងល្បាតរបស់នគរបាលប៉ុស្ដិ៍ក្បាលកោះ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៦នាក់ នៅ៣ទីតាំង ផ្សេងគ្នា ដោយពួកគេជាប់ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីទី១ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ម៉ោង ២១ និង០០នាទី ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។ ជនសង្ស័យទី១)ឈ្មោះ ចូច ឌីណា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករសំណង់ និងទី២)ឈ្មោះ ស្រ៊ុន ពៅ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់។ ចំណែកវត្ថុតាងដកហូតរួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ១កញ្ចប់តូច និងម៉ូតូ១គ្រឿង។
ករណីទី២ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ម៉ោង២៣ និង០០នាទី ឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅមុខផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យទី១)ឈ្មោះ យិន យូរ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងបាញ់ថ្នាំរថយន្ត និង២)ឈ្មោះ ហូរ ណាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងពិដាន។ ចំណែកវត្ថុតាងដកហូតរួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ១កញ្ចប់តូច និងម៉ូតូ១គ្រឿង។
ករណីទី៣ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ម៉ោង២៣និង៣០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅមុខផ្ទះគ្មានលេខ ផ្លូវ ជាតិលេខ១ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យ ទី១)ឈ្មោះ សាន់ ចាន់រតនា ភេទប្រុស អាយុ២៣ឆ្នាំ និងទី២)ឈ្មោះជិន វឌ្ឍនា ភេទប្រុស អាយុ២០ឆ្នាំ។ ចំណែកវត្ថុតាងដកហូតរួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ១កញ្ចប់តូច និងម៉ូតូ១គ្រឿង។
ក្រោយពីកម្លាំងជំនាញរបស់នគរបាលប៉ុស្ដិ៍ក្បាលកោះ ធ្វើការសាកសួរជនសង្ស័យទាំង៦នាក់រួចហើយ ក៏បានកសាងសំណុំរឿងបញ្ចូនបន្តមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីអនុវត្តតាមនីតិវិធី៕