ពលរដ្ឋជាច្រើនគ្រួសារនៅសង្កាត់ផ្សារដើមគរ ប្ដឹងទីតាំងខ្វៃជ្រូកមួយកន្លែងដែលបង្កហានិភ័យជាច្រើនដល់ពួកគាត់
ភ្នំពេញ ៖ ទីតាំងខ្វៃជ្រូកមួយកន្លែងស្ថិតនៅផ្ទះលេខ២៦Bz ផ្លូវ២០៦z ភូមិ១៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ត្រូវបានប្រជាពលរដ្ឋជាច្រើនគ្រួសារ ដាក់ពាក្យប្តឹងទៅចៅសង្កាត់ផ្សារដើមគរ សុំឲ្យបិទទីតាំងអាជីវកម្ម ដោយសារតែទីតាំងអាជីវកម្មជ្រូកខ្វៃនេះ បានបង្កហានិភ័យជាច្រើនដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ។
ម្ចាស់ទីតាំងដែលត្រូវប្រជាពលរដ្ឋប្ដឹងផ្ដល់ខាងលើមានឈ្មោះ លឹម លីជាង។ យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ការប្តឹងផ្ដល់នេះ គឺដោយសារតែទីតាំងអាជីវកម្មជ្រូកខ្វៃនេះ បានបង្កហានិភ័យជាច្រើនដល់ប្រជាពលរដ្ឋរស់នៅក្បែរ ដូចជា បង្កក្លិនស្អុយ បង្ហូរអាចម៌ជ្រូកចូលក្នុងលូ យកផ្លូវធ្វើជាអាជីវកម្ម និងជាពិសេសកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ កន្លងមកថ្មីនេះ បានបង្កឲ្យមានអគ្គិភ័យ ធ្វើឲ្យប្រជាពលរដ្ឋភ័យជ្រួលច្របល់នាំគ្នាជួយពន្លត់។
ប្រជាពលរដ្ឋសូមឲ្យចៅសង្កាត់ផ្សារដើមគរ ក៏ដូចជាអភិបាលខណ្ឌទួលគោក មេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យមើលទីតាំងធ្វើអាជីវកម្មជ្រូកខ្វៃខាងលើនេះផង ព្រោះសព្វថ្ងៃពិបាកទ្រាំនឹងបញ្ហាខាងលើនេះណាស់៕