សម្តេចតេជោនាយករដ្ឋមមន្ត្រីកម្ពុជា ថ្លែងថា ការជួបជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី មានសារៈសំខាន់ក្នុងការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកវប្បធម៌ ដើម្បីផលប្រយោជន៍មនុស្សជាតិ
នៅក្នុងពិធីប្រកាសជាផ្លូវការ នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅព្រលានជលដំរី សៀមរាប-អង្គរ ខេត្តសៀមរាប នាព្រលប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី បានថ្លែងថា ការរៀបចំឱ្យមានការជួបជុំគ្នារវាងអ្នកនយោបាយ និងថ្នាក់ដឹកនាំសំខាន់ៗនៅទ្វីបអាស៊ី និងភ្ញៀវកិត្តិយសមកពីអាមេរិកឡាទីន អាហ្វ្រិក និងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុង ពិធីប្រកាសជាផ្លូវការក្រុមប្រឹក្សាវប្បធម៌អាស៊ី នាពេលនេះ ពិតជាមានសារៈសំខាន់ក្នុងការបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកវប្បធម៌ ដើម្បីផលប្រយោជន៍មនុស្សជាតិនៅក្នុងតំបន់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា «ការរៀបចំឱ្យមានការជួបជុំគ្នារវាងអ្នកនយោបាយ និងថ្នាក់ដឹកនាំសំខាន់ៗនៅទ្វីបអាស៊ី និងភ្ញៀវកិត្តិយសមកពីអាមេរិកឡាទីន អាហ្វ្រិក និងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុង ពិធីប្រកាសជាផ្លូវការក្រុមប្រឹក្សាវប្បធម៌អាស៊ី នាពេលនេះ ពិតជាមានសារៈសំខាន់ក្នុងការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកវប្បធម៌ដើម្បីផលប្រយោជន៍មនុស្សជាតិនៅក្នុងតំបន់ ស្របជាមួយនឹងទីតាំងភូមិសាស្ត្រកម្ពុជា ដែលស្ថិតនៅចំណុចប្រសព្វរវាងអរិយធម៌ធំៗនៅអាស៊ី ដែលជាទីបសម្បូរដោយប្រវត្តិសាស្ត្រយូរអង្វែង និងវប្បធម៌ចម្រុះ ដែលប្រជាជនអាចរស់នៅជាមួយគ្នាដោយសុខសន្តិភាព ដើម្បីលើកកម្ពស់អរិយធម៌មនុស្សជាតិទាំងមូល រួមមានៈអាស៊ីខាងកើត និងអាស៊ីខាងត្បូង ក៏ដូចជាតំបន់អាស៊ីខាងជើងអាស៊ីកណុល និងអាស៊ីបូព៌ រួមទាំងមជ្ឈិមបូព៌ាដែលតភ្ជាប់គ្នាដោយផ្លូវសូត្រតាំងពីបុរាណកាលមក»។
សម្តេចបានបន្តថា កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុងឧត្តម ដែលកំពុងដើរតួនាទីដឹកនាំស្ថាប័ន ក្រុមប្រឹក្សាវប្បធម៌អាស៊ី ហើយក៏ជាប្រទេសទី១ នៅអាស៊ី ដែលបានសហការល្អបំផុតជាមួយអង្គការយូណេស្កូក្នុងការកសាងសមត្ថភាពខ្លួន ដើម្បីធ្វើជាគំរូក្នុងការគ្រប់គ្រង និងអភិរក្សបេតិកភ័ណ្ឌមនុស្សជាតិប្រកបដោយជោគជ័យ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងនៅចុងឆ្នាំ១៩៩៨ តាមរយៈការអនុវត្តនយោបាយឈ្នះ- ឈ្នះ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងបង្អស់នៅកម្ពុជា ដែលពុំធ្លាប់មានអស់រយៈពេលជាង៥០០ឆ្នាំ កន្លងទៅនេះ។
សម្តេចបានបញ្ជាក់បន្ថែមទៀតថា «ដូច្នេះដើម្បីលើកស្ទួយវប្បធម៌នៅក្នុងតំបន់ឱ្យមានប្រសិទ្ធភាពសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ខ្ញុំសូមស្មើឱ្យក្រុមប្រឹក្សាវប្បធម៌អាស៊ីអនុវត្តនូវបេសកកម្មសំខាន់ៗរបស់ខ្លួនដែលបានចែងក្នុងកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព និងតម្លាភាព និងគោរពឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ ៣ យ៉ាង គឺការយោគយល់គ្នាទៅវិញទៅមក ការគោរពគ្នាទៅវិញទៅមក និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវសុខសន្តិភាពជានិច្ចនិរន្តរ៍។
សូមបញ្ជាក់ថា នៅថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំដំបូងបង្អស់ របស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីក្រុមប្រឹក្សានេះត្រូវបានបង្កើតកាលពីឆ្នាំមុន។ កិច្ចប្រជុំនេះ បានប្រព្រឹត្តិទៅនៅខេត្តសៀមរាប នៅក្នុងសណ្ឋាគារ និងសាលសន្និសីទសុខា ជាមួយនឹងវត្តមានរបស់ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ មកពី២៦ប្រទេសទូទាំងទ្វីបអាស៊ី។
ACC ត្រូវបានបង្កើតឡើងក្នុង ឆ្នាំ២០១៨ ដោយអង្គការសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលមានតំណាងគណបក្សនយោបាយជាង ៣៥០ មកពី៥២ ប្រទេសក្នុងតំបន់។ ក្រុមប្រឹក្សានេះ ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ បន្ទាប់ពីកិច្ចព្រមព្រៀងត្រីភាគី រវាងអង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO យូណេស្កូ) អង្គការ ICAPP និង ACC ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តសៀមរាប ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែមករា អ្នករៀបចំព្រឹត្តិការណ៍ ACC នឹងរៀបចំដំណើរកម្សាន្តជូនដល់បណ្ដាភ្ញៀវដែលមានបំណងអញ្ជើញទស្សនារមណីយដ្ឋាន បេតិកភណ្ឌពិភពលោកអង្គរ ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការសហប្រជាជាតិផងដែរ។ លើសពីការលើកកម្ពស់ ការយោគយល់គ្នាទៅវិញទៅមក និងការផ្លាស់ប្ដូរវប្បធម៌នោះ ព្រឹត្តិការណ៍ ACC ដែលរៀបចំឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានេះ គឺធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ ឯកភាពក្នុងភាពចម្រុះជាតិសាសន៍ និងការផ្សារភ្ជាប់ប្រជាជាតិនានានៅក្នុងចំណោមបណ្ដាប្រទេសជាសមាជិក។
ព្រឹត្តិការណ៍នេះក៏នឹងផ្ញើចេញនូវសារដ៏មានអំណាច និងវិជ្ជមានទៅដល់ពិភពលោកខាងក្រៅ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបទពិសោធន៍ដែលភ្ញៀវទទួលបានថា ព្រះរាជាណាចក្រកម្ពុជាមាននូវសក្ដានុពលដ៏ធំធេងសម្រាប់កំណើននៃទេសចរណ៍ វប្បធម៌ និងសម្រាប់ការវិនិយោគ។
គួរបញ្ជាក់ដែរថា «ក្រុមប្រឹក្សាវប្បធម៌អាស៊ី» ត្រូវបានប្តូរឈ្មោះមកពី «ក្រុមប្រឹក្សាវប្បធម៌ ICAPP» នៅក្នុងសម័យប្រជុំលើកទី២៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP កាលពីខែកក្កដា ឆ្នាំ២០១៧ ដើម្បីពង្រីកវិសាលភាពនៃការងារឲ្យកាន់តែទូលំទូលាយ និងបើកចំហរ។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី ត្រូវបានបង្កើតឡើង តាមគំនិតផ្តួចផ្តើមរបស់ប្រទេសកម្ពុជា ចិន នេប៉ាល់ និងរុស្ស៉ី ហើយកិច្ចព្រមព្រៀងភាពជាដៃគូដ៏គួរឱ្យកោតសរសើរនេះ គឺជាប្រវត្តិសាស្ត្រសម្រាប់ ICAPP និងបណ្តាគណបក្សនយោបាយនៅអាស៊ី។
ប្រទេសកម្ពុជា ចិន នេប៉ាល់ និងរុស្ស៉ី ត្រូវបានប្រគល់តួនាទីឱ្យរៀបចំឯកសារគោលសម្រាប់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ស្របតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ដែលបានធ្វើឡើងក្នុងកិច្ចប្រជុំ លើកទី២៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាខែកញ្ញា ឆ្នាំ២០១៦។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានសម្រេចបង្កើតលេខាធិការដ្ឋាននៅក្នុងប្រទេសកម្ពុជា ហើយសម្រេចជ្រើសរើសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធានស្ថាបនិកកិត្តិយស, លោកស្រី ឃួន សុដារី ជាប្រធាន និងលោក សួស យ៉ារ៉ា ជាអគ្គនាយក។
ក្រុមប្រឹក្សាវប្បធម៌អាស៊ីបង្កើតឡើង ដើម្បីលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក និងការផ្លាស់ប្តូរវប្បធម៌ក្នុងចំណោមបណ្តាប្រទេសជាសមាជិក លើកកម្ពស់សាមគ្គីភាពក្នុងភាពសម្បូរបែប លើកកម្ពស់សម្បត្តិវប្បធម៌ជាប្រភពនៃការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហការអន្តរជាតិ និងការផ្សារភ្ជាប់អារ្យធម៌ និងកសាងនូវទ្វីបអាស៊ីមួយប្រកបដោយភាពសុខុដុម៕