សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជួបសវនាការជាមួយនឹងលោកជំទាវ ង្វៀន ធីគីមងិន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៤:៣០នាទី  នៅសណ្ឋាគារ Ankor Palace Resort សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត្តឱ្យគណៈប្រតិភូ​ជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយ​លោកជំទាវ ង្វៀន ធីគីមងិន (Nguyen Thi Kim Ngan) ប្រធាន​រដ្ឋ​សភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម ក្នុងឱកាស​ដែលលោក​ជំទាវ​ដឹកនាំគណៈជាន់ខ្ពស់ រដ្ឋសភាវៀតណាម អញ្ជើញមកចូល​រួមកិច្ចប្រជុំ​ប្រចាំ​ឆ្នាំលើក​ទី២៧ នៃវេទិ​កា​ស​ភាអាស៊ី-ប៉ាស៊ីហ្វិក ដែលប្រព្រឹត្តទៅ​ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅ​ខេត្ត​សៀ​មរាប។

ក្នុងឱកាសជំនួបសវនាការនេះ សម្តេច​​​ប្រធាន​ព្រឹទ្ធសភា បានសម្តែង​ការស្វាគមន៍ដ៏​កក់ក្តៅបំផុត​ចំពោះវត្តមាន​ដ៏​ឧត្តុង​ឧត្តមរបស់លោកជំទាវ និងសមាជិកគណៈប្រតិភូដែល​បានអញ្ជើញមកចូល​រួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិ​កាស​ភាអាស៊ី-ប៉ាស៊ីហ្វិក នៅលើទឹក​ដី​ខេត្តសៀមរាបដែលជាទឹកដីនៃសម្បតិ្តបេតិកភ័ណ្ឌប្រវត្តិសាស្រ្តដ៏ល្បី​ល្បាញ​របស់ កម្ពុជា។ ការអញ្ជើញចូលរួមនៃកិច្ចប្រជុំនេះមិនត្រឹមតែជាការលើកទឹកចិត្ត​ និងផ្ដល់​កិត្តិយ​សដល់ប្រទេសកម្ពុជា គឺជាការ រួម​ចំណែកធ្វើឲ្យកិច្ចប្រជុំនេះទទួលបានជោគជ័យទាំងស្រុង  និងជាការ​ចូល​រួមចំណែកដល់​ការពង្រឹង​ពង្រីក​ទំនាក់​ទំនង​មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និង​ប្រទេសទាំងពីរ នាពេលបច្ចុប្បន្ន និងទៅអនាគត។

ក្នុងនាមសភាកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា សូមថ្លែងអំណរគុណ​ដ៏ជ្រាលជ្រៅចំពោះការ​គាំ​ទ្រពី​សំណាក់​រដ្ឋ សភា នៃសាធារណរដ្ឋសង្គមនិយមវៀត​ណាមដល់សភាកម្ពុជា ដែលធ្វើជា​ម្ចាស់ផ្ទះរៀប​ចំកិច្ច​​ប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេ​ទិកាស​ភាអាស៊ី-ប៉ាស៊ីហ្វីក។ វត្តមានរបស់លោកជំទាវ និង​គណៈ​ប្រតិ​ភូវៀត​ណាម ជាការ​ចូល​រួមវិភាគទានដ៏មាន​សារៈ​សំខាន់ក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ ដែលរួមចំណែកដ៏ធំធេងដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកប​ដោយ​វិបុលភាព នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក និងបានគាំទ្រឱ្យដល់ដំណើរការ​នៃកិច្ចប្រជុំប្រព្រឹត្ត​ទៅប្រកប​ដោយ​ជោគជ័យ ។

នៅក្នុងឱកាសជំនួបសម្តែងការគួរសមនេះ លោកជំទាវ ង្វៀន ធីគីមងិន បានសម្តែង​នូវ​សេចក្តីរីករាយ​ដែល​បានដឹកនាំគណៈប្រតិភូអញ្ជើញមកចូល​រួមកិច្ចប្រជុំ​ប្រចាំ​ឆ្នាំលើក​ទី២៧ នៃវេទិ​កា​ស​ភា​​អាស៊ី-ប៉ាស៊ីហ្វិក នៅលើទឹក​ដី​ខេត្ត​សៀមរាប​ និងមានឱកាសបានជួបសវនាការជាមួយនឹងសម្តេចប្រធានព្រឹទ្ធសភាជាថ្មីម្តងទៀ។ លោកជំ​ទាវបាន​វាយ​តម្លៃ​ខ្ពស់ចំពោះប្រទេសកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំ​ភា​​អាស៊ី-ប៉ាស៊ីហ្វិក​ បានយ៉ាងល្អ មានភាពរលូន ដំ​ណើរ​ការបានល្អប្រសើរ និងទទួលបានជោគជ័យ។ លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ចំពោះ​វឌ្ឍនភាពនៃការរីក​ចម្រើន​យ៉ាង​​ឆាប់រហ័រ​របស់​ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ព្រះមហាក្សក្រ ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋបាល ដែល     ស​ម្រេច​បានូវសមិទ្ធផលដ៏ល្អប្រសើរលើកគ្រប់វិស័យ។

លោកជំទាវប្រធានគណៈប្រតិភូ បានបញ្ជាក់ថា ក្នុងពេលដែលប្រទេសទាំង​ពីរមានការ​ទំនាក់​ទំនង មិត្តភាព សាម​គ្គីភាព និងកិច្ចសហប្រតិបត្តិការ​លើកគ្រប់វិស័យ រដ្ឋសភាវៀបណាម នឹងខិត​ខំសហការជាមួយនឹងព្រឹទ្ធសភា រដ្ឋ​សភា​​កម្ពុជា ដើម្បីធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះកាន់តែជិតស្និត និងល្អប្រ​សើរ​ថែម​ទៀត។ ជាមួយ​គ្នា​នេះ លោកជំទាវ ក៏បាន​ជម្រុញឲ្យអគ្គលេខាធិការរដ្ឋ​សភាវៀតណាខិត​ខំបង្កើនទំ​នាក់ទំនង​ជាមួយនឹង​អគ្គលេខាធិការ​ព្រឹទ្ធសភា ក្នុងការ​សហការគ្នាទៅវិញទៅមកឲ្យមានប្រសិទ្ធភាព ជាពិសេសរវាងអង្គការ​នីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យ​កាន់​តែ​ប្រ​សើរឡើងថែមទៀត។

លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលបានរៀបចំប្រារព្ធ​មេន្ទិញរំលឹក​ខួប​លើក​ទី៤០ នៃទិវាជ័យជម្នះ៧។ ថ្លែងសន្ទរកថាក្នុងពិធីនោះ សម្តេច​អគ្គ​ម​ហា​សេនា​ប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅចំពោះ​បក្សកុម្មុយនីស្ត រដ្ឋាភិបាល កង​ទ័ព និងប្រជាជន​វៀតណាម ដែលបានជួយរំដោះប្រទេស និងប្រជា​ជនកម្ពុជាពីរបបប្រលៃ​ពូជសាសន៍ និងបាន​បន្ត​ជួយ​ទុប​ស្កាត់មិន​ឲ្យ​របបនេះវិលត្រឡប់មកវិញ។

លោកជំទាវ ង្វៀន ធីគីមងិន សង្ឃឹមថា ប្រទេសកម្ពុជា និងប្រទេសវៀតណាម នឹងខិតខំ​សហការគ្នាដើម្បី​បណ្តុះបណ្តាលយុវជនជំនាន់ក្រោយៗ ដើម្បីឲ្យបន្តប្រពៃណីសហការ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិជាមួយ​គ្នាទាំង​ពេលបច្ចុប្បន្ន និងទៅអនាគត។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ​ប្រធាន​​គណៈប្រតិភូក៏គោរ​ពអញ្ជើញ​សម្តេចវិបុល​សេ​នា​​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចនៅ​ប្រទេសវៀតណាម ​ក្នុង​ពេលវេ​លាសមស្រប​ណា​មួយ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ច​សហ​ប្រតិបត្តិការរវាងសភាប្រជាជន និងប្រទេសទាំងពីរបន្ថែមទៀត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណ​ចំពោះប្រសាសន៍របស់លោកជំទាវ​ដែល​ថ្លែងសរសើរ​អំ​ពី​ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ​ដ៏ល្អរវាងប្រជាជន និង​ប្រទេស​​ទាំងពីរ ក៏ដូចជាវឌ្ឍនភាព​នៃ​ការររីកចម្រើនរបស់​ប្រទេស​កម្ពុជានា​ពេ​ល​​បច្ចុប្បន្ន។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា បានថ្លែង​អំណរ​​គុណចំពោះគណៈ​ប្រតិភូ​រដ្ឋសភាវៀតណាម ដែលផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ​ប្រចាំ​ឆ្នាំលើក​ទី២៧ នៃវេ​ទិ​កា​​​ស​ភាអាស៊ី-ប៉ាស៊ីហ្វិក ហើយសម្តេចប្រធានព្រឹទ្ធសភា ក៏​បានវាយតម្លៃខ្ពស់ចំ​ពោះសន្ទរកថារបស់​លោកជំ​វ​ដែល​ថ្លែ​នៅ​ក្នុងឱកាសបើកនៃកិច្ចប្រជុំនេះ ខ្លឹមសារនៅក្នុងសន្ទរកថា នឹងត្រូវបានបញ្ចូលទៅក្នុង​សេចក្តីថ្លែងការរួម​របស់វេទិកា អាស៊ី -ប៉ាស៊ីហ្វីក​លើក​នេះ។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ ដែលបានឃើញនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រវាងព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាវៀតណាម មានការរីកចម្រើនឥតឈប់ឈរ។ ទោះបី​សភាពការណ៍​នៅក្នុងពិភពលោកមានភាពស្មុកស្មាញក្តី ក៏ប្រទេសទាំងពីនៅតែបន្តពង្រឹង ពង្រីក​ន​នូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ជាប្រពៃណី និងជួយគ្នាទៅវិញទៅមក ដើម្បីរួមចំ​ណែក​ដោះ​​នូវបញ្ហាប្រឈមនានានៅពេលបច្ចុប្បន្ន សំដៅការពារបាននូវ​ឯករាជ្យ​ភាព អធិបតេយ្យភាព បូរណភាពទឹកដី មិនជ្រៀត​ជ្រែក​កិច្ចការផ្ទៃក្នុងគ្នា និងមិន​អនុញ្ញាត​ឱ្យ​មានកម្លាំង​អមិត្ត​ណាមួយ​ប្រើ​ប្រាស់ទឹកដី​របស់ខ្លួន​ដើម្បី​គំរាមកំហែង​សន្តិសុខប្រទេសមួយ​ទៀត។

សម្តេច​​ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គឺជាការួម​ចំ​ណែកដ៏ធំធេញ​​របស់បក្សកុម្មុយនីស្ត រដ្ឋាភិបាល និងប្រជាជនវៀតណាមនាពេលកន្លងមក។ ក្នុងឱកាសកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ កម្ពុជាបានប្រារព្ធខួបទី៤០ នៃទិវាជ័យជំនះ៧មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនក​ម្ពុជា បានថ្លែងអំណរ​គុណ​ជាអនេ​ក​ប្បកា​រ​ជូនចំពោះបក្សកម្មុយនីស្តវៀតណាម ក៏ដូចជាររដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានជួយរំ​ដោះប្រទេស និង​ប្រជា​ជន​កម្ពុជាពីរបប​ប្រល័យ​ពូជសាសន៍ និងបានបន្តជួយ​ទប់ស្កាត់មិនឱ្យ​របបប្រល័យ​ពូជសាសន៍វិល​ត្រឡប់មកវិញ​សារជាថ្មី គុណូ​បការៈ​ដ៏ថ្លៃថ្លានេះត្រូវបាន​ចរិកទុកជានិច្ចនៅ​ក្នុងប្រវត្តិ​សាស្រ្តជាតិកម្ពុជា។​

ហើយប្រពៃ​ណីនៃកិច្ចសហ​ប្រតិបត្តិការ​នឹងបន្ត​ដំណើរទៅ​មុខបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេស​ទាំងពីរ។ ចំពោះការ​អញ្ជើញ​សម្តេចទៅ​បំពេញទស្សន​កិច្ចនៅប្រទេស​វៀត​ណាម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​ទទួលយក ហើយ​នឹងរក​ពេលវេលាសមស្របណា​មួយដើម្បីទៅ​បំពេញទស្ស​ន​កិច្ច​នៅ​ប្រទេស​វៀត​ណាម ។

សម្តេចប្រធានព្រឹទ្ធសភា  បានប្រសិទ្ធពរជូនលោកជំទាវប្រធានគណៈប្រតិភូ សូមឱ្យមានសុខ ភាពល្អបរិបូរណ៍ និងបំពេញបេសកម្មទទួបានជោគជ័យនៅព្រះរាជាណាចក្រកម្ពុជា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner