កម្លាំងនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួនជនជាតិវៀតណាម៥នាក់នៅខណ្ឌឬស្សីកែវ ដែលលួចឆ្លងដែនមករស់នៅដោយខុសច្បាប់
ភ្នំពេញ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលដោយ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក គឹម ឆេងប៊ុន ក្រឡាបញ្ជីអមផង បានចុះត្រួតពិនិត្យជនបរទេសមានជនជាតិវៀតណាមចំនួន៨៥នាក់់ (ស្រី៤៥នាក់) កាលពីវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នៅចំណុចផ្លូវជាតិលេខ៥ ក្រុម៤ ភូមិក សង្កាត់ច្រាំងចម្រេះ២ និងហាងកាហ្វេង៉ុកងឺង ហាងកាហ្វេធីថាន់ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រត្តិបត្តិការនេះលោក គឹម ឆេងប៊ុន ក្រឡាបញ្ជី បានឲ្យដឹងថា ទី១)ជនជាតិវៀតណាមចំនួន៨០នាក់(ស្រី៤៤នាក់) បានកាន់កាប់ និងប្រើប្រាស់ឯកសារត្រឹមត្រូវ រួមមាន បង្កាន់ដៃបង់ប្រាក់ចំនួន៧៥ច្បាប់ ប្រកាសទទួលស្គាល់ចំនួន១៥ច្បាប់ បង្កាន់ដៃស្នើសុំដាក់ពាក្យសុំទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍ចំនួន៧៥ច្បាប់ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ចំនួន១៥ច្បាប់។
ទី២)ជនជាតិវៀតណាមចំនួន ៥នាក់ (ស្រី១នាក់) បានលួចឆ្លងដែនចូលមកស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។ ក្រុមប្រតិបត្តិការចម្រុះនេះ បានបញ្ជូនជានជាតិវៀតណាមចំនួន៥នាក់ (ស្រី១នាក់) ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីបន្ត៕