កម្លាំងតាមប៉ុស្ដិ៍នៃអធិការខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៩នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៩នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធទៅនឹងករណីករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួននេះបានធ្វើឡើង៤ករណីផ្សេងគ្នា នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ។ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខបានឲ្យដឹងថា ករណីទី១ ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងដកហូតដាវកែច្នៃចំនួន០១ដើមផងដែរ នៅចំណុចបន្ទប់ជួលលេខ៦២៧ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង០៩និង០០នាទី ថ្ងៃទី២៨ វិច្ឆិកា២០១៨។ ជនសង្ស័យឈ្មោះ ហម សៀវហ្វី  ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៦២៧ ផ្លូវបេតុង ភូមិភ្នំពេញថ្មី  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ក្នុងករណីទី២ កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃដដែល ប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ជនសង្ស័យទី១)ឈ្មោះ ឡុង សុផាន់នី  ភេទប្រុស អាយុ៣៨ឆ្នាំ ទី២)ឈ្មោះ ផល ស៊ីណា ភេទប្រុស អាយុ២៩ឆ្នាំ។ អ្នកទាំង២មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ទី៣)ឈ្មោះ ណុប តាសា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និង៤)ឈ្មោះ សុខ ស្រីនិច  ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិប្រាំខ្នង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ករណីទី៣ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ កាលពីវេលាម៉ោង២១និង០០នាទីថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួននៅចំណុចតាមផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ  ។ ជនសង្ស័យទី១)ឈ្មោះ ហ៊ុល រ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិគោកជញ្ជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទី២)ឈ្មោះ មាន ចាន់ទី ភេទប្រុស អាយុ២៥ មុខរបរកម្មករលាងឡាន ស្នាក់នៅក្នុងយានដាដ្ឋានលាងឡាន ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី៣)ឈ្មោះ ទុំ ទូ ភេទប្រុស អាយុ២៥ មុខរបរកម្មករលាងឡាន ស្នាក់នៅភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ សមត្ថកិច្ចបានដកហូត៖ ម៉ូតូចំនួន១គ្រឿង ម៉ាកស្កុបពី ពណ៌ក្រហាម ពាក់ស្លាកលេខភ្នំពេញ1FI-1141 និងទូរសព្ទ៣គ្រឿង។

ចំណែកករណីទី៤វិញ ឈានចូលថ្ងៃទី២៩ វិច្ឆិកា២០១៨ វេលាម៉ោង០២និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍រដ្ឋ អូរបែកក្អម បានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ បេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ជនសង្ស័យរូបនេះឈ្មោះ វ៉ាង អ៊ីហុង  ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅបន្ទប់ជួល ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សមត្ថកិច្ចបានដកហូត៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកស៊ីរ៉ុស ពណ៌ក្រហាម គ្មានស្លាកលេខ។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បន្តថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ខាងលើ បានធ្វើការល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុខាងលើ ទទួលបានព័ត៌មានអំពីសកម្មភាពបទល្មើស និងឃើញជនសង្ស័យទាំងនោះ ខ្លះកំពុងជិះម៉ូតូតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ សុំធ្វើការត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងយើងបាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។ បច្ចុប្បន្នជនសង្ស័យទាំងនេះ កំពុងត្រូវបានសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ក្រោយពីលទ្ធផលការតេស្តទឹកនោមឃើញថាមានសារធាតុញៀន៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner