ឯកឧត្តម ជាម សុភា សង្កេតឃើញអត្តពលិកថ្នាលកីឡាវាយសីកម្ពុជា មានសមត្ថភាពរីកចម្រើនគួរឲ្យកត់សម្គាល់
ថ្លែងនាព្រឹកថ្ងៃទី១៦ ខែតុលាម្សិលមិញ អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា ឯកឧត្តម ជាម សុភា បានអោយដឹងថា មួយរយៈពេលចុងក្រោយនេះ សហព័ន្ធបានរៀបចំការធ្វើតេស្ដសមត្ថភាពកីឡាករ-កីឡាការិនីរៀងរាល់សប្ដាហ៍ ដើម្បីជំរុញការអភិវឌ្ឍន៍កីឡានេះឲ្យកាន់តែរីកចម្រើន ។

បើតាមការសង្កេតមើលជាកស្តែង ឯកឧត្តម ជាម សុភា បានបញ្ជាក់ថា រយៈពេលជាង ១ខែចុងក្រោយនេះ កីឡាករ-កីឡាការិនីថ្នាលកម្ពុជា មានសមត្ថភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយមានអ្នកខ្លះ ស្ទើរតែមានសមត្ថភាពខ្ពស់ជាងក្រុមជម្រើសជាតិទៅទៀត ។ អគ្គលេខាធិការ រូបនេះជឿជាក់ថា តាមរយៈការធ្វើតេស្ដសមត្ថភាព ជារៀងរាល់សប្តាហ៍នេះ និងអោយការប្រជែងដណ្តើមមេដាយ ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅវៀតណាមមានការកើនឡើង ។

គួរដឹងថា ការធ្វើតេស្ដសមត្ថភាពកីឡាករ-កីឡាការិនី នៃក្រុមជម្រើសជាតិថ្នាលកីឡាវាយសីនេះ ត្រូវបានសហព័ន្ធកំណត់ធ្វើតេស្ដរៀងរាល់ថ្ងៃសុក្រ ហើយពេលខ្លះ ក៏មានការចូលរួមត្រួតពិនិត្យពីមន្ដ្រីរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ ៕

