កាមរីបាឡែនបើកឆ្លងផ្លូវ ត្រូវរថយន្តតូយូតា ព្រូស បុកបណ្តាលឲ្យខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ ស្ត្រីម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានរថយន្តតូយូតា ព្រូសបុកខ្ទាតទៅកៀនជញ្ជាំងផ្ទះប្រជាពលរដ្ឋបណ្តាលរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួស ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង៣០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២១ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចមុខផ្សារស្ទឹងមានជ័យថ្មី តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញស្ត្រីម្នាក់បើករថយន្តកាមរី បាឡែនពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AK-1640 ធ្វើដំណើរចេញពីផ្លូវបេតុងឆ្លងមកផ្លូវ ២១៧ក្នុងទិសដៅពីត្បូងទៅជើង ខណៈឆ្លងផ្លូវបានបន្តិច ក៏មានរថយន្តតូយូតា ព្រូស គ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 2BF-9694 បើកបរដោយនារីរូបស្រស់ម្នាក់តាមបណ្តោយផ្លូវ ២១៧ ទិសដៅពីលិចទៅកើតចាប់ហ្វ្រាំងមិនទាន់បុកបញ្ឆិតផ្នែកខាងមុខខាងឆ្វេងរថយន្តកាមរីបាឡែនបណ្ដាលឲ្យ រថយន្តកាមរីបាឡែនខ្ទាតទៅកៀនជញ្ជាំងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តតូយូតា ព្រូស រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោងទើបភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នានឹងបញ្ចប់នៅនឹងកន្លែងកើតហេតុ៕ ដោយ៖ ជីម ភារ៉ា



