នៅអំឡុងចុងខែវិច្ឆិកានេះកម្ពុជានឹងទទួលបានសត្វដំរីអាស៊ីមួយក្បាលពីប្រទេសប៉ាគីស្ថាន

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានថ្លែងថានៅថ្ងៃខាងមុខនេះប្រទេសកម្ពុជានឹងបានទទួលនូវសត្វដំរីអាស៊ីមួយក្បាលដែលជាអំណោយរបស់រដ្ឋាភិបាលប៉ាគីស្ថានដើម្បីយកមកបន្តពូជ និង ធ្វើការព្រលែងនៅតំបន់ការពារសត្វព្រៃធម្មជាតិមួយកន្លែងនៅក្នុង ខេត្ត ឧត្តរមានជ័យ។

        បើតាមឯកឧត្តមនេត្រភក្រ្តាឱ្យដឹងនៅថ្ងៃទី២១ខែវិច្ឆិកានេះថាសត្វដំរីអាស៊ីមួយក្បាលនេះមានឈ្មោះកាវ៉ាន់អាយុ៣៥ឆ្នាំហើយនឹងត្រូវដឹកជញ្ជូនពីប្រទេសប៉ាគីស្ថានទៅកាន់ព្រៃនៅតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជាដោយមានការសម្របសម្រួលពីអង្គការ CWS។ជាមួយនឹងការមកដល់សត្វព្រៃដ៏កម្រនេះដែរនឹងជួយឱ្យការអភិរក្សដំរីអាស៊ីដែលជាប្រភេទសត្វកម្រឱ្យជាប់គង់វង្សយូរអង្វែងថែមទៀតនៅកម្ពុជា។

         ឯកឧត្តមនេត្រភក្រ្តាបានលើកឡើងថាពេលនេះគេកំពុងរៀបចំនីតិវិធីក្នុងការបញ្ជូនសត្វដំរីមួយក្បាលនេះមកកម្ពុជា។ហើយតាមអ្វីដែលគេគ្រោងទុកនិងការសម្របសម្រួលរវាងអង្គការ CWS និងអង្គការមួយនៅប្រទេសប៉ាគីស្ថានគេគ្រោងដឹកតាមយន្តហោះមកតែម្តង។

          មន្រ្តីនាំពាក្យក្រសួងបរិស្ថានរូបនេះបានបញ្ជាក់បន្ថែមថា នៅពេលសត្វដំរី ភេទឈ្មោលមួយក្បាលនេះត្រូវបានគេដឹកមកដល់ប្រទេសកម្ពុជាហើយ នឹងត្រូវផ្ទេរទៅព្រៃនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងខេត្តឧត្តរមានជ័យដែលថែរក្សាដោយអង្គការCWSនិងក្រសួងបរិស្ថាន។ជាមួយគ្នាសត្វដំរីកាវ៉ាន់ភេទឈ្មោលមួយនេះគឺស្ថិតនៅក្នុងចំណោមសត្វដំរីអាស៊ីដែលជិតផុតពូជផងដែរ។

ឯកឧត្តមនេត្រភក្រ្តាមន្រ្តីនាំពាក្យក្រសួងបរិស្ថានថ្លែងដូច្នេះថា”យើងនឹងថែរក្សាកាវ៉ាន់ហើយបន្ទាប់ពីវាស្គាល់ព្រៃឈើនៅប្រទេសកម្ពុជាយើងនឹងដោះលែងវាទៅក្នុងព្រៃ ហើយសង្ឃឹមថាកាវ៉ាន់ រីករាយនឹងព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា។ ប្រទេសកម្ពុជាពិតជាមានដំរីអាស៊ីចន្លោះពី ៤០០ ទៅ ៦០០ ក្បាលរស់នៅក្នុងតំបន់ការពារធម្មជាតិក្រវាញនិងនៅភាគខាងជើងនៃប្រទេសកម្ពុជា (មណ្ឌលគីរីខេត្តរតនគិរី)” ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ បានបន្ដថានៅកម្ពុជាយើងបើគេគិតពី កម្រិតនៃការបរបាញ់សត្វដំរីព្រៃត្រូវបានកត់សម្គាល់ឃើញថា មានការធ្លាក់ចុះខ្លាំងស្ទើរតែគ្មានក្នុងរយៈពេលជិត ១០ ឆ្នាំមកនេះដោយសារតែអាជ្ញាធរមានសមត្ថកិច្ច ពង្រឹងការអនុវត្តច្បាប់បានយ៉ាងល្អ ខណៈពីជាង៣០ ឆ្នាំមុន ការបរបាញ់បានសម្លាប់សត្វដំរីព្រៃអស់ជាច្រើនក្បាល។ជាមួយគ្នានគេក៏កត់សម្គាល់ឃើញដែរថា ជម្លោះរវាងមនុស្ស និងសត្វដំរីព្រៃ បានកើតឡើងនៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដោយសារតែការផ្លាស់ទីតាមរដូវកាល និងការស្វែងរកចំណីអាចរងការរំខានដោយសារតែវត្តមានរបស់មនុស្សនៅក្នុងតំបន់ដែនជម្រករបស់ពួកវា។ លើសពីនេះ ដំរីព្រៃអាចទទួលរងការវាយតបពីសំណាក់ប្រជាជនរហូតដល់រងរបួស ឬ ឈានដល់ការសម្លាប់នៅពេលដំរីបានចូលមកស៊ីដំណាំរបស់ពួកគេ។

ឯកឧត្តម បានបញ្ជាក់បន្ថែមផងថា បច្ចុប្បន្ននៅប្រទេសកម្ពុជា មានដំរីអាស៊ីចំនួនចន្លោះប្រមាណ ពី ៤០០ ទៅ ៦០០ ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួន ៧១ ក្បាល។

យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល ៦០ ទៅ ៧០ ឆ្នាំចុងក្រោយនេះ ចំនួនដំរី អាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា ៥០ភាគរយ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត ៩០ភាគរយ។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ ក្បាលទៅ ៤៧ ៤២៧ ក្បាលដែលកំពុងរស់នៅក្នុងព្រៃសព្វថ្ងៃ។ ក្នុងនោះប្រហែល ៧៥ភាគរយ រស់នៅក្នុង ប្រទេសឥណ្ឌា និងស្រីលង្កា។

ទន្ទឹមជាមួយគ្នាក្រៅពីរងការ គំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វា។ អ្នកជំនាញ ក៏បានព្រមានផងដែរថា ដោយសារតែរយៈពេលនៃការបន្តពូជរបស់ដំរីអាស៊ីយឺត (ប្រាំឆ្នាំបង្កើតបានកូនមួយ) បើសិនអាត្រាស្លាប់នៃកូនដំរីព្រៃខ្ពស់ដោយសារតែរងរបួសពីអន្ទាក់នោះ ចំនួនដំរីព្រៃនៅកម្ពុជា អាចមានបញ្ហាប្រឈមខ្ពស់ក្នុងការផុតពូជ។ ដូច្នេះហើយទើបសត្វដំរីត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។

សូមបញ្ជាក់ដែរថារាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន បានរៀបចំផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ី ដែលហៅថា «ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា» ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ហើយផែនការសកម្មភាពដើម្បី អភិរក្សសត្វដំរីអាស៊ីឱ្យនៅគង់វង្សត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ១០ ឆ្នាំ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដោយកំណត់បញ្ហាអាទិភាពចំនួន ៦ ក្នុងនោះ រួមមាន ១) ការកាត់បន្ថយការបាត់បង់ទីជម្រក ២)អភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ ៣) ពង្រឹងការអនុវត្តច្បាប់ ៤) បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម ៥)បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃនិងមនុស្ស ៦)អប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner