ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០មាន១៥ក្លិបចូលរួមប្រជែង

អត្ថបទដោយ៖
សារ៉ាន ទីងី

ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២០ គ្រោងនឹងរៀបចំការប្រកួតផ្លូវការរយៈពេល៣ចាប់ពីថ្ងៃ ទី១៦ ដល់ថ្ងៃ ទី១៨ មករា ឆ្នាំ២០២១ ដោយអនុញ្ញាតឲ្យក្លិបតាមបណ្តារាជធានីខេត្តចូលរួមចំនួន១៥ធ្វើការប្រកួតលើ៧វិញ្ញាសា នៅអាគារសហព័ន្ធក្នុងពហុកីឡាដ្ឋានអូឡាំពិកម្ពុជា។
ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានគូបញ្ជាក់ថា មូលហេតុដែលសហព័ន្ធពន្យាលើកពេលការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២០ ជាបន្តបន្ទាប់ រហូតដល់ឆ្នាំ ២០២១ ដោយសារតែវិបត្តិជំងឺកូវីដ១៩។

អគ្គលេខាធិការលើខាងលើ អះអាងទៀតថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យដំណើរការឡើងវិញ ក្រោយបញ្ចប់ព្រឹត្តិការណ៌២៨វិច្ឆិកា សហព័ន្ធបានកំណត់យកថ្ងៃទី១៦ដល់១៨ ខែ មករា ឆ្នាំ ២០២១ជាថ្ងៃប្រកួតដើម្បីចម្រាញ់ជ្រើសរើសកីឡាករការិនីឆ្នើមៗ។
អគ្គលេខាធិការរូបនេះ ពន្យល់ថា កីឡាករការិនីដែលជ្រើសរើសចេញពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០នេះ នៅក្នុងការកំណត់របស់ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល បានកំណត់ជ្រើសរើសយក៧នាក់ សុទ្ធសឹងជាកីឡាករការិនីឆ្នើម ដើម្បីបំពាក់បំប៉នហ្វឹកហាត់ជាជម្រើសជាតិបំរុងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នឹងក្រោយស៊ីហ្គេម ឆ្នាំ២០២៣។

ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា

អគ្គលេខាធិការកីឡាវាយសីដដែលបានលើកឡើងទៀតថា បច្ចុប្បន្នសហព័ន្ធកីឡាវាយសីកម្ពុជា ក្រោមការដឹកនាំ ឯកឧត្តម លី កុសល ប្រធានសហព័ន្ធ គឺបានខិតខំយ៉ាងខ្លាំងក្នុងការដាក់ផែនការសម្រួចអភិវឌ្ឍសមត្ថភាពកីឡាករការិនីជម្រើសជាតិឈានទៅសម្រេចឲ្យបានតាមផែនការរបស់CAMSOKយ៉ាងហោចឈ្នះមេដាយមាសមួយគ្រឿងជូនកម្ពុជា នាស៊ីហ្គេម ឆ្នាំ២០២៣។
សូមបញ្ជាក់ថា តាមការគ្រោងទុកសហព័ន្ធកីឡាវាយសីកម្ពុជា នៅស៊ីហ្គេមឆ្នាំ ២០២១ នៅប្រទេសវៀតណាមខាងមុខនេះ សហព័ន្ធបានដាក់កម្មវិធីហ្វឹកហាត់សម្រុកយ៉ាងខ្លាំង ក្នុងនោះមានទាំងការប្រកួតធ្វើតេសមត្ថភាពអត្តពលិកជ្រើសជាតិប្រចាំសប្តាហ៍ផងដែរ ក្នុងគោលបំណងដណ្តើមមេដាយឲ្យបានពីស៊ីហ្គេម៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner