អ្នកជំនាញ៖“កំហុស៦យ៉ាង” ដែលធ្វើឱ្យការវិនិយោគដីធ្លីបរាជ័យ
លោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ នៅថ្ងៃទី១៤ ខែកក្កដានេះ បានលើកឡើងចំនួន៦ចំណុចដែលធ្វើឱ្យអ្នកវិនិយោគលើដីធ្លីបរាជ័យដើម្បីចែករំលែកដល់អ្នកវិនិយោគលើដីធ្លីត្រូវគិតពិចារណា។
១) ចង់បានផលចំណេញក្នុងរយៈពេលខ្លី៖
តាមគោលការណ៍គណនេយ្យ ដីធ្លី និងប្រភេទអចលនទ្រព្យទាំងអស់ត្រូវបានចាត់ទុកថាជាទ្រព្យរយៈពេលវែងដែលអាចបង្វិលជាសាច់ប្រាក់វិញក្នុងរយៈពេលយ៉ាងតិច១ឆ្នាំ។ ប៉ុន្តែមានអ្នកវិនិយោគជាច្រើនមិនយល់ពីគោលការណ៍នេះហើយបន្ទាប់ពីវិនិយោគរួចតែងទន្ទឹងចង់បានផលចំណេញភ្លាមៗ។ ហើយជារើយៗយើងតែងឮពាក្យថា រកស៊ីអចលនទ្រព្យឬដីធ្លីមិនល្អទេព្រោះកប់លុយ។ តាមពិតមិនកប់លុយទេមកពីអ្នកវិនិយោគរំពឹងខុស និងគ្មានផែនការវិនិយោគរយៈពេលវែង។

២) ចង់បានលំហូរសាច់ប្រាក់ (ចំណូល) ពីការវិនិយោគ៖
បន្ថែមលើពេលវេលារយៈពេលវែង ការវិនិយោគលើដីធ្លីត្រូវការដើមទុនច្រើន អ្នកវិនិយោគខ្លះមានទុនតិចតួចហើយប្រាថ្នាចង់បានលំហូរសាច់ប្រាក់ពីការជួលដី ការណ៍នេះមិនអាចសំរេចបាននោះទេ។ ទោះបីជួលជាដីទទេ ធ្វើជាឃ្លាំង ឬជាតូបជួល ក៏ត្រូវការដើមទុនយ៉ាងតិចចន្លោះពី១០-២០ម៉ឺនដុល្លាដែរ។
៣) ខ្វះផែនការហិរញ្ញវត្ថុ៖
ដោយសារតែចង់បានចំណូល និងផលចំណេញរយៈពេលខ្លី អ្នកវិនិយោគជាច្រើនមិនបានធ្វើផែនការហិរញ្ញវត្ថុសំរាប់រយៈពេលវែងនោះទេ។ ការណ៍នេះហើយដែលនាំអោយពួកគេឆ្លាក់ក្នុងវិបត្តិលំហូរសាច់ប្រាក់ និងឈានដល់ដំណាក់កាលបង្ខំចិត្តលក់ខាតផងក៏មាន។

៤) ខ្វះយន្តការទប់ទល់នឹងហានិភ័យ៖
ការវិនិយោគលើដីធ្លីត្រូវការដើមទុនច្រើន និងរយៈពេលវែង ដូច្នេះអ្នកវិនិយោគត្រូវកំណត់នូវយន្តការនានាដើម្បីទប់ទល់នឹងហានិភ័យដែលកើតឡើងជាយថាហេតុ។ យន្តការរួមមានបង្កើតចំណូលពីប្រភពផ្សេងៗ អភិវឌ្ឍគំរោងនានា ឬត្រៀមលក់ទ្រព្យសម្បត្តិដែលមិនកើនតម្លៃនាពេលអនាគត។
៥) មិនមានចំណេះដឹងគ្រប់គ្រាន់៖
អ្វីដែលបានរៀបរាប់ក្នុងចំណុចទី១ ទី២ ទី៣ និងទី៤ ខាងលើសុទ្ធតែជាចំណេះដឹងចាំបាច់។ ប៉ុន្តែបន្ថែមលើនេះ អ្នកវិនិយោគត្រូវមានការយល់ដឹងផ្សេងៗទៀតដូចជាប្រភេទដី ទំហំ ទំរង់ ទីតាំង និងលក្ខខណ្ឌច្បាប់នានា។ល។ ជាងនេះទៅទៀតត្រូវមានការយល់ដឹងថាលក្ខខណ្ឌដីបែបហ្នឹង ទំរង់បែបហ្នឹង ទីតាំងបែបហ្នឹង តម្លៃប៉ុណ្ណឹងវាសមនឹងយកទៅអភិវឌ្ឍជាអ្វី? ហើយអ្នកណាជាអតិថិជន? សរុបមក អ្នកវិនិយោគ ត្រូវមានចំណេះដឹងលម្អិត ហើយចាត់ទុកការវិនិយោគជាអាជីពទើបជាការល្អ។ បើវិនិយោគតាមគេតាមឯង ឬទិញដីបន្តិចបន្តួចទុកយកចំណេញ នោះឱកាសជោគជ័យមានតិចណាស់។

៦) ខ្វះព័ត៌មាន៖
នៅក្នុងការវិនិយោគវិស័យដីធ្លីក៏ដូចជាការធ្វើអាជីវកម្មនានាដែរ ទាមទាអោយអ្នកមានព័ត៌មានគ្រប់ជ្រុងជ្រោយ។ ដូចជាស្ថានភាពតំរូវការ និន្នាការទីផ្សារ តម្លៃ ទីតាំងភូមិសាស្ត្រ ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន គំរោងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័នានា។ល។ ដូច្នេះ អ្នកត្រូវផ្តោតការវិនិយោគតែលើតំបន់ដែលអ្នកអាចក្តោបបានព័ត៌មានគ្រប់ជ្រុងជ្រោយ៕