ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ បាននាំយកអំណោយមនុស្សធម៌ ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ជាង១០០គ្រួសារ ដែលកំពុងខ្វះខាតលើជីវភាពប្រចាំថ្ងៃ ស្របពេលដែលពិភពលោក និងកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ១៩
ខេត្តព្រះវិហារ៖ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ មាស សុភា រួមជាមួយមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ដែលមានការអញ្ជើញចូលរួមពី អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ អមដំណើរដោយអ្នកមុខអ្នកការ មន្ត្រីរាជការថ្នាក់ខេត្ត និងមូលដ្ឋានជាច្រើនរូប បាននាំយកអំណោយ កាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ដូនចាស់ជរាគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រា ជាង១០០គ្រួសារ នៅក្នុងបរិវេណ វត្តទេពនិមិត្រម្លូរព្រៃ១ ស្ថិតនៅក្នុងឃុំម្លូរព្រៃ១ ស្រុកឆែប នាព្រឹកថ្ងៃទី២១ឧសភាឆ្នាំ២០២០នេះ។
មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានអោយដឹងថា ប្រជាពលរដ្ឋដែលមកទទួលយកអំណោយ ពីថ្នាក់ដឹកនាំនៅក្នុងពេលនេះ មានចំនួន ១០៨គ្រួសារ ដែលភាគច្រើន គឺជាអ្នកមានជីវភាពខ្វះខាត ដូនចាស់ជរាគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ និងកុមារកំព្រា មកពីឃុំចំនួន ៣ នៅក្នុងស្រុកឆែប គឺ ឃុំម្លូព្រៃមួយ ៤៥គ្រួសារ ឃុំម្លូព្រៃពីរ ៣០ គ្រួសារ និងឃុំសង្កែពីរ ៣៣គ្រួសារ។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ថា ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបានផ្ញើសេចក្តីនឹករលឹក ចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ និងនៅគ្រប់ពេលវេលា ហើយសម្តេចតែងតែគិតគូរ ពីភាពសុខទុក្ខរបស់បងប្អូនជានិច្ច ។ លោកទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ដោយមើលឃើញពីការខ្វះខាតជីវភាពប្រចាំថ្ងៃនេះហើយ ទើបសម្តេចបានចាត់លោកទេសរដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំសាខាកាកបាទក្រហមខេត្ត នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន មកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ នៅក្នុងមូលដ្ឋាននេះ និងនៅតាមខ្នងផ្ទះផងទៀត ចំពោះដូនតាចាស់ជរា ដែលធ្វើដំណើរមកទទួលអំណោយមិនបាន។
លោកទេសរដ្ឋមន្ត្រី បានបន្តថា ថ្វីបើអំណោយទាំងនេះ មានចំនួនតិចតួច ប៉ុន្តែ អាចជួយដោះទុក្ខធុរៈការលំបាកបានមួយពេលដែរ ហើយអ្វីដែលសំខាន់នោះ គឺ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំបង្កបង្កើនផល ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅ អោយបានកាន់តែល្អប្រសើរ ថែមទៀត។ លោកថា ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រមុខកាកបាទក្រហមកម្ពុជា នឹងមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយគ្រោះអត់ឃ្លាននោះទេ នេះគឺជាការប្តេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដូចពាក្យស្លោកថា « ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា » ជានិច្ច នេះគឺជាគោលនយោបាយរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋាននេះ ត្រូវបង្កើនការថែទាំសុខភាពអោយបានល្អ រស់នៅត្រូវមានអនាម័យខ្ពស់ជានិច្ច គឺត្រូវរួមគ្នាអនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាល ត្រូវលាងដៃនឹងសាប៊ូ អាល់កុល ឬទឹកជែល អោយបានញឹកញាប់ និងជាប្រចាំ ដើម្បីចូលរួមការពារ និងទប់ស្កាត់ ការរីរាលដាលមេរោគកូវីដ-១៩ បើទោះបីកម្ពុជា មានអ្នកកើត ១២២ករណី និងពេលនេះបានជាសះស្បើយអស់ក៏មែនពិត តែពិភពលោកមិនទាន់បានស្រាកស្រាន នៅឡើយទេ។
លោកទេសរដ្ឋមន្ត្រី រួមនឹងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចែកអំណោយដល់ប្រជាពលរដ្ឋទាំង ១០៨គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរទឹកស៊ីអ៊ីវ១យួរ និងថវិកា ២ម៉ឺនរៀល។ ផ្តល់ជូនគ្រួសារអាទិភាព ១០គ្រួសារ ដោយទទួលបានបន្ថែម នូវសារុង១ ភួយ១ ក្រមា១ មុង១ និងថវិកា ២០ម៉ឺនរៀល ផងទៀត។ ប្រគេនព្រះគ្រូចៅអធិការវត្ត នូវអង្ករ២បេ មី២កេស ត្រីខកំប៉ុង២យួរ ទឹកបរិសុទ្ធ២កេស ទឹកផ្លែឈើ ២កេស ថវិកា ២០ម៉ឺនរៀល និងយាយជីតាជី ៤នាក់ ម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល។ បន្ទាប់មក លោកទេសរដ្ឋមន្ត្រី មាស សុភា បានផ្តល់ជូន សាខាកាកបាទក្រហមកម្ពុជាខេត្ត នូវទឹកប្រាក់ ៤០លានរៀល ទឹកសម្លាប់មេរោគ ៧កាន និងម៉ាស់ ២កេសធំ ថែមទៀតផង៕