កម្ពុជាត្រៀមខ្លួនចូលរួមជួយមីយ៉ាន់ម៉ា ដើរវិលទៅ រកភាពប្រក្រតីឡើងវិញ ស្របតាមគោល ការណ៍ អាស៊ាន

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត ដើម្បីជួយមីយ៉ាន់ម៉ា ក្នុងការដើរ វិលទៅរកភាពប្រក្រតីឡើងវិញ ទោះជាតាមរយៈតួនាទី និងទម្រង់ណាមួយកី្ត ដែលស្របតាមគោលការណ៍អាស៊ាន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១។ សេចក្តីថ្លែងការណ៍របស់កម្ពុជា បានធ្វើឡើងបន្ទាប់ពីស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា មានការវិវឌ្ឍ កាន់តែធ្ងន់ធ្ងរឡើង ដោយមានអ្នកស្លាប់ក្នុងបាតុកម្មតវ៉ាច្រើនជាង៦០នាក់។ បាតុកម្មនេះ បានអូសអន្លាយរយៈពេលជាង១ខែ មកហើយ បន្ទាប់ពីមានរដ្ឋប្រហារយោធា និងការចាប់ខ្លួនមេដឹកនាំ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ លោកស្រី អោង សាន ស៊ូជី ដែលឈ្នះក្នុងការបោះឆ្នោត​។

ក្នុងសេចក្តីថ្លែងការណ៍ បញ្ជាក់ថា ៖ «ដូចបានលើកឡើងក្នុងអន្តរាគមន៍របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីការបរទេស នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការ នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន កម្ពុជាត្រៀមខ្លួនជានិច្ចក្នុង ការចូលរួមជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការដើរវិលទៅរកភាព ប្រក្រតីឡើងវិញ ទោះជាតាមរយៈតួនាទី និងទម្រង់ណាមួយកី្ត ដែលស្របតាមគោលការណ៍អាស៊ាន ពោលគឺតាមមាគ៌ាអាស៊ាន របស់យើង ដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន។ ក្នុងស្មារតីនេះ កម្ពុជាក៏គាំទ្រផងដែរដល់ ការជួយសម្របសម្រួល របស់ប្រធានអាស៊ាន ក៏ដូចជាអគ្គលេខាធិការអាស៊ាន ប្រកបដោយលក្ខណៈវិជ្ជមាន សន្តិភាព និងស្ថាបនា»

ក្នុងនាមជាមិត្ត និងជាសមាជិកសហគមន៍អាស៊ាន កម្ពុជាក៏ដូចជាគ្រប់រដ្ឋសមាជិកអាស៊ានឯទៀត និងសហគមន៍អាស៊ាន ទាំងមូល កំពុងតាមដានយ៉ាងជិតដិតនូវស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមានការសោកសៅដោយបាន ឃើញនូវ ការកើនឡើងនៃអំពើហឹង្សា ដែលបណ្តាលឱ្យមានការបាត់បង់ជីវិតមនុស្ស។

កម្ពុជា បានបញ្ជាក់ទៀតថា ទន្ទឹមនឹងការគោរពគោលការណ៍ស្នូលនៃការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេស ជាសមាជិកអាស៊ាន កម្ពុជាបានគាំទ្រ «សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីការវិវត្តនៅសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា» ដែលបានចេញនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ និង «សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពី កិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន» ចេញនៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០២១ ដែលត្រូវបានធ្វើឡើងក្នុង បំណងដ៏ស្មោះត្រង់ ដើម្បីគាំទ្រដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា។

បើតាមក្រុមសកម្មជនសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិ មនុស្សច្រើនជាង ៦០នាក់ហើយបានស្លាប់នៅក្នុងបាតុកម្មតវ៉ា និងច្រើនជាង ១,៨០០នាក់ត្រូវបាន ចាប់ឃុំខ្លួន ចាប់តាំងពីការកើតមានព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ ដែលត្រូវបាន អន្តរជាតិចាត់ទុកថា ជារដ្ឋប្រហារនោះមក៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner