ឯកឧត្តម ផៃ សុខខេង៖ ការធ្វេសប្រហែសភ្លេចខ្លួនរបស់មនុស្ស គឺជាឱកាសរាតត្បាតនៃវីរុសកូវីត-១៩
សៀមរាប៖ មន្រ្តីក្រុមការងាររាជរដ្ឋាភិបាល និងសមាគមក្រុមប្រឹក្សាសុខភាពប្រជាជន ចុះផ្សព្វផ្សាយវិធានការ ពង្រឹងស្មារតីប្រជាពលរដ្ឋក្នុងសហគមន៍ បន្តប្រយុទ្ធប្រឆាំងការចម្លងជម្ងឺកូវិដ១៩ នៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ បើទោះជានៅក្នុងប្រទេសកម្ពុជា លើកទី១ នៃការចម្លងវីរុសកូវីត-១៩ ត្រូវបានកន្លងផុតយ៉ាងណាក៏ដោយ ការពង្រឹងស្ថានភាពគ្រប់គ្រងលើកទី២ នៃវិបត្តិកូវីត-១៩ នៅក្នុងសហគមន៍ ត្រូវបានប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបន្តការអំពាវនាវ សូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមគ្រប់ៗគ្នា អនុវត្តន៍តាមការណែនាំ និងវិធានការនានា ដែលបានដាក់ចេញដោយក្រសួងសុខាបាល។
ជាផ្នែកមួយនៃសកម្មភាពឆ្លើយតបទៅនឹងបញ្ហានេះ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ គេឃើញមានបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋានជនបទឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាបប្រមាណជិត៦០០នាក់ បានទទួលនូវការអប់រំផ្សព្វផ្សាយវិធានការនានា ដើម្បីទប់ស្កាត់ការនាំចម្លងវារុសដ៏កាចសាហាវនោះ។ ក៏ជាការកត់សំគាល់ផងដែរ សមាជិកនៃអ្នកចូលរួមក្នុងកម្មវិធីនោះ ត្រូវបានអនុវត្តតាមលក្ខខណ្ឌនៃការរក្សាគម្លាតសុវត្ថិភាព និងមានពាក់ម៉ាសការពារសុខភាពគ្រប់ៗគ្នាផងដែរ ដែលកម្មវិធីនេះ រៀបចំឡើងដោយក្រុមការងារចុះជួយមូលដ្ឋានរបស់រាជរដ្ឋាភិបាល សហការជាមួយសមាគមក្រុមប្រឹក្សាសុខភាពប្រជាជន និងមានការគាំទ្រដោយអាជ្ញាធរមូលដ្ឋានភូមិឃុំ។
ឯកឧត្តម ផៃ សុខខេង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកអង្គរធំ និងជាប្រធានក្រុមការងារប្រចាំឃុំពាក់ស្នែង មានប្រសាសន៍ថា៖ បើទោះបីកម្ពុជា មានមោទនភាពក្នុងការគ្រប់គ្រងវិបត្តិកូវីត១៩ នៃតំណាក់កាលនាំចម្លងចូលដោយជនបរទេសយ៉ាងណាក៏ដោយ ក៏ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ពិភពលោកមិនទាន់ឆ្លងផុតគ្រោះថ្នាក់នៃវិបត្តិរាតត្បាតដោយជម្ងឺកូវីត-១៩ នៅឡើយនោះទេ ស្ថាប័នជំនាញជាតិ និងអន្តរជាតិ បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋកម្ពុជា បន្តការយកចិត្តទុកដាក់អនុវត្តន៍លើគ្រប់វិធានការទាំងឡាយ និងរួមគ្នាពង្រឹងបន្ថែមទៀតស្មារតីប្រយទ្ធប្រឆាំងការចម្លងវារុសកូវីត-១៩។ ការធ្វេសប្រហែស ការប្រមាថភ្លេចខ្លួន វាគឺជាការបើកឱកាសឲ្យកូវីត១៩ នាំយកកការចម្លងវិលត្រឡប់មករកកម្ពុជាវិញ ពិសេសគឺក្នុងសហគមន៍ដែលកំពុងមានហានីភ័យ ដោយសារតែការវិលត្រឡប់មកពីប្រទេសជិតខាងនៃប្រជាពលរដ្ឋកម្ពុជា នៅតែមានជាបន្តបន្ទាប់នោះ។
បើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរឃុំពាក់ស្នែងបានឲ្យដឹងថា ឃុំពាក់ស្នែងមានបណ្តាភូមិចំណុះចំនួន៦ភូមិ ប្រជាពលរដ្ឋសារុបមានជាង១៤០០គ្រួសារ ស្មើនឹងជាង ៦៤០០នាក់ ប្រជាពលរដ្ឋចេញទៅធ្វើការក្រៅប្រទេសមានចំនួន៣០នាក់ និងបានវិលត្រឡប់មកវិញចំនួន៦នាក់ កំពុងស្ថិតក្នុងការធ្វើចត្តាឡីស័ក ដាក់ឲ្យនៅដាច់ដោយឡែក បានចំនួន១ សប្តាហ៍កន្លងមកហើយ លើ១៤ថ្ងៃនៃការកំណត់។ សំរាប់ពិធីផ្សព្វផ្សាយនោះ ក៏មានចែកជួនអំណោយជាស្បៀងអាហារ សាប៊ូ និងសម្លៀកបំពាក់ផងដែរ ដែលជាសក្ខីកម្មនៃការរួមសុខរួមទុក្ខជាមួយ រវាងក្រុមការងារ និងប្រជាពលរដ្ឋ ក្នុងកាលៈទេសៈនៃវិបត្តិកូវីត១៩៕ ដោយ ស៊ាន សុផាត