ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អញ្ជើញប្រគល់អង្ករ ចំនួន១០តោន ជូនសង្កាត់ទាំង១០ ក្នុងក្រុងតាខ្មៅ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នារសៀលថ្ងៃសៅរ៍ទី១៧ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចែកអង្ករដល់សង្កាត់ទាំង១០ នៃក្រុងតាខ្មៅ ខេត្តកណ្តាល ដែលត្រូវបានបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បាន ៖
-ផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់សមាជិកក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋទូទាំងក្រុងតាខ្មៅ ។
- ស្នើឲ្យអាជ្ញាធរគ្រប់ថ្នាក់ បង្កើនការចុះអប់រំណែនាំ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវគោរពតាមការណែនាំនានារបស់រាជរដ្ឋាភិបាល ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣កុំ ៣ការពារ និងវិធានការណ៍បិទចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីឆាប់បានបិទបញ្ចប់ព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ។
- និងត្រូវបង្កើនការយកចិត្តទុកដាក់អំពីការចុះសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសលើកត្តាសុខភាព និងជីវភាព មិនត្រូវទុកអោយបងប្អូនឈឺដោយមិនបានបញ្ជូនទៅព្យាបាល ឬ អត់ឃ្លានស្លាប់ដោយសារអត់ស្បៀងអាហារឡើយ ត្រូវធ្វើការរាយការណ៍ដល់ថ្នាក់ក្រុង ខេត្តជាបន្ទាន់ដើម្បីរួមគ្នាដោះស្រាយ ។ ក្នុងដំណាក់កាលនេះមានតែកិច្ចសហការ និងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទេ ទើបអាចឆ្លងផុតដំណាក់កាលដ៏លំបាកនេះ ពិសេសអាជ្ញាធរត្រូវអនុត្តការងាររបស់ខ្លួនដោយភាពទន់ភ្លន់ តែត្រូវម៉ឺងម៉ាត់ ច្បាស់លាស់ ដើម្បីសុខមាលភាព និងសុវត្ថិភាពរបស់ប្អូនក្នុងមូលដ្ឋាន ។
- ត្រូវជម្រុញប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដែលដល់វេនទទួលការចាក់វ៉ាក់សាំង ឲ្យបានទៅចាក់គ្រប់ៗគ្នា និងសូមឲ្យមានការជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានលះបង់ទាំងកម្លាំងកាយ ចិត្ត មិនខ្លាចការនឿយហត់ដើម្បីសុខទុក្ខបងប្អូនទូទាំងប្រទេស ។ សូមធ្វើការបែងចែកអំណោយទាំងនេះឲ្យចំគោលដៅ និងមានតម្លាភាព ។
- ជាទីបញ្ចប់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានជូនពរអាជ្ញាធរគ្រប់លំដាប់ថ្នាក់សមាជិកក្រុមប្រឹក្សាសង្កាត់ និងបងប្អូនប្រជាពលរដ្ឋទូទាំងក្រុងតាខ្មៅ សូមទទួលបានសុខសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយជាតិ និងសូមមានសុខភាពល្អ ជៀសឆ្ងាយពីជម្ងឺទាំងពួង ពិសេសជម្ងឺកូវីដ ១៩ ៕ ដោយ / គ្រី សម្បត្តិ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕