លោក ថេង សុថុល ស្នើរសុំដល់ពលរដ្ឋឱ្យមានការអត់ធ្មត់ក្នុងអំឡុងពេលបិទខ្ទប់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់នូវជំងឺកូវីដ១៩

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ក្នុងឱកាសដឹកនាំក្រុមការងារសង្កាត់-ខណ្ឌចំការមន ចុះចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ឋអំឡុងពេលបិទខ្ទប់ និងមានជីវភាពខ្វះខាត ចំនួន ០២សង្កាត់ រួមមាន៖ -សង្កាត់ទន្លេបាសាក់ ចំនួន ៨១គ្រួសារ និងសង្កាត់ផ្សារដើមថ្កូវ ចំនួន ៣២៣គ្រួសារ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ លោក ថេង សុថុល អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេចទាំងទ្វេរ ជូនបងប្អូនប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ ជាពិសេស ក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយបានចាត់តាំងឲ្យក្រុមការងារ រួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ចុះមកជួបដោយផ្ទាល់ សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋនៅពេលនេះ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋមួយកម្រិត ។

លោកអភិបាលខណ្ឌ បានបន្តថា ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល គឺជាវិធានការមួយក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ១៩ នៅក្នុងមូលដ្ឋាននីមួយៗ ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាអត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ ទាំងអស់គ្នា ពិសេស ការអនុវត្តវិធានការ ៣ការពារ ៣កុំ និងការរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ និងកុំជឿតាមការញុះញង់របស់ជនអគតិមួយចំនួន ។

លោក ថេង សុថុល បានលើកឡើងថា ក្នុងដំណាក់កាលដ៏លំបាកនៃការបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់ បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះ វិលមករកស្ថានភាពធម្មតាវិញ ។

លោកអភិបាលខណ្ឌ ក៏បានលើកឡើងពីកិច្ចខិតខំបំពេញ ភារកិច្ចយ៉ាងសស្រាក់សស្រាំទាំងថ្ងៃ ទាំងយប់របស់រដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងទាំងបីប្រភេទ ជាពិសេស ក្រុមគ្រូពេទ្យទាំងអស់ ក្នុងការអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល ក្នុងគោលបំណងកាត់ផ្តាច់ការចម្លងនៃព្រឹត្តិការណ៍២០កុម្ភៈ ។ តាមលោកនាយករដ្ឋបាលខណ្ឌចំការមន បានឱ្យដឹងថា អំណោយដែលចែកជូននេះ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ០១បាវ ទម្ងន់ ២៥គីឡូក្រាម -មី០១កេស និងត្រីខ ០១យួរ ៕ ដោយប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner