សម្តេច​តេ​ជោៈលោក​ទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ជាឥស្សរជនឆ្នើមមួយរូបដែលពេញមួយជីវិតបានរួមចំណែកយ៉ាង សកម្មជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការបម្រើជាតិមាតុភូមិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់

​ភ្នំពេញៈ​នៅ​រសៀល​ថ្ងៃទី​១​ខែមិថុនាឆ្នាំ២០២១​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជាផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​ទេសរ​ដ្ឋ​មន្ត្រី ត្រាំ អ៊ីវតឹក ។​

ក្នុងសារបានបញ្ជាក់ថា” ខ្ញុំនិងភរិយា មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថាឯកឧត្តម ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលមរណភាពនៅរសៀលថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំនិងភរិយាសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ សង្វេគស្ទើររកទីបំផុតគ្មានចំពោះការបាត់បង់ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក គឺជាការបាត់បង់នូវស្វាមីប្រកបដោយ សង្គហធម៌ដ៏ល្អនិងជាការបាត់បង់ឪពុកជីតាប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួតព្រមទាំងជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូបដែលពេញមួយជីវិតបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការបម្រើជាតិមាតុភូមិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

​លោក ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ដ្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​បានទទួល​មរណភាព​នៅ​រសៀល​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១​នេះ​បន្ទាប់ពី​បញ្ជូន​មកពី​ព្យាបាល​ជំងឺ​នៅក្រៅ​ប្រទេស​។​នេះ​បើតាម​ការជូនដំណឹង​តាម​បណ្តាញ​តេ​លេ​ក្រាម​របស់​ខុទ្ទកាល័យ​របស់​ទេសរដ្ឋមន្ដ្រី​ត្រាំ អ៊ីវតឹក​។​

​បើ​យោងតាម​មន្ដ្រីជាន់ខ្ពស់​នៃ​ក្រុមការងារ​របស់​ទេសរ​ដ្ឋ​មន្ដ្រី ត្រាំ អ៊ីវតឹក បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន Fresh News ថា លោក ត្រាំអ៊ីវ​វ​តឹក បានដាក់​ច្បាប់​ឈប់សម្រាក​ពី​ការងារ​រយៈពេល​ជាង​មួយខែ​មកហើយ​ដើម្បី​ទៅ​សម្រាក​ព្យាបាល​សុខភាព​នៅក្រៅ​ប្រទេស​។​

​លោក ហុក រិទ្ធី បាន​ប្រាប់ថា សព​របស់​ទេសរដ្ឋមន្ដ្រី ត្រាំ អ៊ីវតឹក កំពុង​តម្កល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​ក្បែរ​មន្ទីរពេទ្យ​ខេ​ម​ម៉ា ស្ថិតក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​លោក ត្រាំ អ៊ីវតឹក មាន​អាយុ​៧៣​ឆ្នាំ គឺជា​អតីត​រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន​និង​អតីតរដ្ឋមន្ត្រី​ក្រសួង ប្រៃសណីយ និង​ទូរគមនាគមន៍​។ បច្ចុប្បន្ន​ក្នុង​តំណែង​ជា​ទេសរដ្ឋមន្ដ្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​លោក ក៏​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner