ខេត្តតាកែវ រកឃើអ្នកឆ្លងកូវី-១៩ ចំនួន ៤៧នាក់ថ្មីបន្ថែមទៀត និងមានអ្នកស្លាប់ម្នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវបានឲ្យដឹងថា តាមលទ្ធផលនៃការវិភាគវត្ថុសំណាកនៅថ្ងៃទី១មិថុនា គេបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤៧នាក់។ អ្នកវិជ្ជមានទាំងនោះ មានអ្នករស់នៅស្រុកត្រាំកក់១២នាក់, ស្រុកព្រៃកប្បាសចំនួន១៣នាក់, ស្រុកបាទីចំនួន៨នាក់, ក្រុងដូនកែវ៣នាក់, ស្រុកអង្គរបុរី២នាក់, ស្រុកសំរោងចំនួន៤នាក់,ស្រុកទ្រាំងចំនួន២នាក់,ស្រុកគិរីវង់២នាក់ និងមកពីខេត្តកំពង់ស្ពឺម្នាក់។
ជាមួយគ្នានោះ រដ្ឋបាលខេត្តតាកែវបានបញ្ជាក់ថា នៅថ្ងៃទី១មិថុនា មានអ្នកស្លាប់ម្នាក់វង្ស សាមឿន អាយុ៦៣ឆ្នាំ មានមុខរបរជាកសិករ នៅភូមិអង្គតាង៉ិល ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។
រដ្ឋបាលខេត្តតាកែវបានអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំ៤៧នាក់នោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល។

