លោកជំទាវ បាន ស្រីមុំ ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅតំបន់បិទខ្ទប់ រយៈពេល១៤ថ្ងៃ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ

អត្ថបទដោយ៖
Kien Sereyvuth

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិននិងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន សមាជិក សមាជិកា យុវជនស.ស.យ.កខេត្ត យុវជនកាកបាទក្រហមខេត្ត និងអាជ្ញាធរភូមិឃុំស្រុក រសៀលថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅតំបន់បិទខ្ទប់ រយៈពេល១៤ថ្ងៃ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន ១២៥គ្រួសារ ។

ក្នុងឱកាសនោះ លោកជំទាវ បាននាំនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅតំបន់បិទខ្ទប់នេះ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែនៅរួមសុខទុក្ខជាមួយប្រជាពលរដ្ឋគ្រប់គ្រាលំបាក និងមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងស្លាប់ដោយលោកមិនបានដឹង និងមិនបានដោះស្រាយជូនឡើយ ។

ទន្ទឹមនឹងនេះ លោកជំទាវ បានរៀបចំជាកញ្ចប់អាហារក្នុងមួយថ្ងៃ ២ពេលគឺពេលព្រឹក និងពេលល្ងាច ចំនួន៥០០ប្រអប់ និងទឹកបរិសុទ្ធ ដើម្បីចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត កម្មករ អ្នករត់ម៉ូតូឌុប តាក់ស៊ី..ពិសារដោយឥតគិតថ្លៃ ។

លោកជំទាវ បានអំពាវនាវ សូមឲ្យប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្របតាមប្រធានបទ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ” ដោយផ្លាស់ប្តូរឥរិយាបទក្នុងការរស់នៅជាធម្មតាតាមកន្លងថ្មី រក្សាអនាម័យលាងដៃ ពាក់ម៉ាស់ក្នុងករណីចាំបាច់ និងការរក្សាគម្លាតពីគ្នា មិនត្រូវលួចរត់ចេញពីតំបន់បិទខ្ទប់នេះ ពិសេសអនុវត្តនូវវិធានការ ៣ កុំ ៣ ការពារ របស់ប្រមុខរាជរដ្ឋាភិបាលជាប្រចាំផងដែរ ។

សូមបញ្ជាក់ថា ស្បៀងអាហារដែលបានផ្តល់ជូន តាមខ្នងផ្ទះ ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ២៥ គីឡូ ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ មី ២កេស ពងទា ១ ថាស ទឹកសុទ្ធ ១កេស ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner