មនុស្ស ២នាក់ស្លាប់ និង ២នាក់ទៀតរងរបួសក្នុងហេតុការណ៍គ្រោះធម្មជាតិ រន្ទះបាញ់ នៅខេត្តពោធិ៍សាត់
សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចត្រពាំងឃ្លៃ ស្ថិតនៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សមត្ថកិច្ចបានអោយដឹងថាបុរសរងគ្រោះទាំង៤នាក់រួមមាន ៖ ឈ្មោះ ឃា សាមឿន អាយុ៣១ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ, ឈ្មោះ ពេច ប៊ុនធឿន អាយុ៣២ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ, ចំណែក ឈ្មោះ ខន សុខឃីម អាយុ៣៩ឆ្នាំ រងរបួសនិង ឈ្មោះ ប៉ាន កាន អាយុ១៧ឆ្នាំ រងរបួស។
សេចក្តីរាយការណ៍បានបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង៤នាក់ បាននាំគ្នាធ្វើរោងចាំស្រែ នៅចំណុចត្រពាំងឃ្លៃ, ស្របពេលគ្នានោះ មេឃស្រទំ ធ្លាក់ភ្លៀងរលឹមស្រិចៗ មានផ្គរ និងរន្ទះបាញ់ក៏បានបាញ់ចំជនរងគ្រោះទាំង៤នាក់នោះដែលកំពុងធ្វើរោងនោះ បណ្តាលឱ្យស្លាប់មនុស្ស២នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង និង២នាក់ទៀតបានរងរបួសត្រូវបានប្រជាពលរដ្ឋ បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ។
សេចក្តីរាយការណ៍រវាងពីខែមេសាឈានចូលក្នុងខែមិថុនានេះ បានបង្ហាញនូវករណីរន្ទះ បាញ់ បាន សម្លាប់ មនុស្ស១៣នាក់, ធ្វើឲ្យរបួស៧នាក់, ស្លាប់គោក្របី១១ក្បាល ក្នុងហេតុការណ៍គ្រោះរន្ទះបាញ់នៅ ខេត្តចំនួន ៨ គឺ មណ្ឌលគីរី, កំពង់ឆ្នាំង, សៀមរាប, ព្រៃវែង, កំពង់ធំ, ខេត្តបាត់ដំបង, កំពង់ស្ពឺនិងខេត្តក្រចេះ។


