ស៊ីម៉ាក់ បានរកឃើញគ្រាប់មីនតោន ៨គ្រាប់ ក្នុងឃុំឆ្នាស់មាន់ នៃខេត្តបាត់ដំបង
សេចក្តីរាយការណ៍បានអោយដឹងថា កម្លាំងស៊ីម៉ាក់នៃក្រុម BCT លេខ១១ បានរុករកឃើញគ្រាប់មីនតោនចំនួន៨គ្រាប់ មាន៤រណ្តៅ ក្នុងនោះមួយរណ្តៅ មានដាក់គ្រាប់មីនតោនចំនួន២គ្រាប់ត្រួតគ្នា ដោយគន្លាតពីរណ្តៅមួយ ទៅរណ្តៅមួយចម្ងាយពីគ្នា ប្រមាណ១០ម៉ែត្រ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ នៅភូមិសំរោង ឃុំឆ្នាស់មាន់ ខេត្តបាត់ដំបង។
អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានឲ្យដឹងនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះថា ប្រតិបត្តិការនេះ គាំទ្រដោយគម្រោងជំនួយរបស់ UNDP តាមរយ:គម្រោង CMAA-UNDP Clearing For Results។ យោងតាមព័ត៌មាន គឺនៅមានគ្រាប់មីនតោន និងគ្រាប់មីនប្រឆាំងយ៉ាងច្រើនទៀត ក្នុងភូមិសាស្ត្រនៃភូមិសំរោង ឃុំឆ្នាស់មាន់នេះ ដែលគ្មានកំណត់ត្រា ក្នុងប្រពន្ធ័ទិដ្ឋន័យជាតិនៃតំបន់ចំការមីននៅឡើយទេ។
លោក ហេង រតនា បានបញ្ជាក់ថា លោកបានបញ្ជាឱ្យបន្ថែមកម្លាំង ដើម្បីសិក្សាស្រាវជ្រាវព័ត៌មានតំបន់ចំការមីនឱ្យអស់លទ្ធភាព និងពង្រឹងការងារផ្សព្វផ្សាយអប់រំពីមីន ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់។ តំបន់នេះមានគ្រាប់មីនក្រាស់ដោយសារអតីតតំបន់នេះ ជាខ្សែត្រៀមជួរមុខយ៉ាងសំខាន់មួយ ក្នុងសង្គ្រាម។
កម្ពុជាទើបបានសម្រេច រំដោះដីដែល មានមីន បានទំហំជាង១ពាន់៨០២គីឡូម៉ែត្រក្រឡា និងបានកម្ទេចគ្រាប់ មីនប្រឆាំងមនុស្សចំនួន ១លាន៦ម៉ឺន ២ពាន់៦៦១គ្រាប់…មីនប្រឆាំងរថក្រោះចំនួន២ម៉ឺន៤ពាន់៨៣២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានចំនួន ២លាន៧៦ម៉ឺន៧ពាន់២០ គ្រាប់។
ទំហំផ្ទៃដី ដែលសេសសល់គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះក្នុងប្រ ទេសកម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថានៅមានទំហំ៨៩០គីឡូម៉ែត្រក្រឡានិងកម្ពុជាមានផែនការបោសសំអាតគ្រាប់ មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់រហូតដល់ឆ្នាំ២០២៥។

