ក្រសួយងសុខាភិបាលបញ្ជាក់ជាផ្លូវការអំពីករណីមនុស្ស ៧នាក់ស្លាប់ដោយសារពុលស្រានៅស្រុកក្រគរ ខេត្តពោធិ៍សាត់
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅល្ងាចថ្ងៃទី៣មិថុនាបានឲ្យដឹងថា ចាប់តាំងពីរសៀលថ្ងៃទី១មិថុនាមក មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះស្រាវជ្រាវអំពីករណីមរណភាពនៅភូមិសានសរ និងភូមិថ្កោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលសង្ស័យជាករណីពុលស្រា។ តាមរយៈការចុះពិនិត្យផ្ទាល់ និងការសិក្សាស្រាវជ្រាវ គេបានរកឃើញថា មានការស្លាប់ដោយសារសង្ស័យពុលស្រាស និងស្រាថ្នាំ ជាបន្តបន្ទាប់សរុប៧នាក់ ដោយចាប់ផ្ដើមពីថ្ងៃទី២៨ឧសភា ដល់ថ្ងៃទី២មិថុនាឆ្នាំ២០២១។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ភាគច្រើននៃជនរងគ្រោះដែលបានស្លាប់ ដោយសារផឹកស្រាដែលមានជាតិមេតាណុលខ្ពស់ និងមានការយឺតយ៉ាវក្នុងការព្យាបាលនៅមន្ទីរពេទ្យ។ ក្រសួងបានបន្តថា រហូតដល់ថ្ងៃទី៣មិថុនាឆ្នាំ២០២១ ក្រុមស្រាវជ្រាវបានរកឃើញអ្នកប៉ះពាល់សរុប៩៦នាក់ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ហើយមួយចំនួនបានជាសះស្បើយ និងមួយចំនួនទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ ក្រសួងសុខាភិបាលបានបន្តថា ករណីទាំងអស់ចាប់ផ្ដើមឡើងដោយមានរោគសញ្ញាដូចជា ស្រវាំងភ្នែក ព្រិលភ្នែក ណែនទ្រូង ចុកទ្រូង ថប់ដង្ហើម ត្រជាក់ដៃជើង វិលមុខ ក្អួត ឈឺក្បាល ធីងធោង អស់កម្លាំង ទន់ដៃជើង និងសន្លប់ ជាដើម។
ក្រុមងារការបានយកសំណាកស្រាស និងស្រថ្នាំ ពីទីតាំងចំនួន៣កន្លែង សម្រាប់ធ្វើការវិភាគ និងបានផ្ញើមកក្រសួងសុខាភិបាល។ ជាលទ្ធផលពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល នៅថ្ងៃទី២មិថុនាឆ្នាំ២០២១ បានបង្ហាញថា ក្នុងចំណោមសំណាកស្រាថ្នាំ និងស្រា ស ៤សំណាក មាន២សំណាក មានសារធាតុមេតាណុលលើសកម្រិតខ្ពស់រហូតដល់៩,៥ទៅ១៥% ដែលធ្វើឲ្យពុល ដែលជាធម្មតាកម្រិតមេតាណុលមិនត្រូវលើសពី០,១%នោះឡើយ។ ក្រសួងសុខាភិបាលបានសន្និដ្ឋានថា ករណីពុល និងស្លាប់នៅក្នុងស្រុកក្រគរនោះ គឺបណ្ដាលមកពីពុលស្រា។
ក្រុមការងារឆ្លើយតបបន្ទាន់ និងអាជ្ញាធរពាក់ពន្ធ័ បានចុះអប់រំ និងណែនាំដល់អ្នកលក់បោះដុំ និងរាយ ឲ្យផ្អាកអាជីវកម្មស្រាស និងស្រាថ្នាំ ដែលមិនមានការត្រួតពិនិត្យត្រឹមត្រូវពីសមត្ថកិច្ចជំនាញ និងបានអប់រំដល់ប្រជាពលរដ្ឋនៅតាមភូមិ ឃុំ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវការផឹកស្រាដែលផលិត ឬបិត មិនបានត្រឹមត្រូវតាម្បួនខ្នាតបញ្ចេកទេស។ ក្រសសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងរយៈពេលជាង១ខែចុងក្រោយនេះ មានអ្នកស្លាប់ដោយសារពុលស្រាចំនួន៣១នាក់ហើយ ក្នុងនោះមានករណីស្លាប់១៤នាក់នៅស្រុកល្វាឯម ខេត្តកណ្ដាល , ១០នាក់នៅស្រុកកំពង់ត្រាច ខេត្តកំពត និង៧នាក់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។











