អាជ្ញាធរ រួមនឹងក្រុមគ្រូពេទ្យជួរមុខ បន្តយកសំណាក អ្នកសង្ស័យ កូវីដ១៩បន្ថែមជាង១០០នាក់ទៀត ដែលចូលរួមក្នុងពិធីភ្ជាប់ពាក្យ នៅសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ
អាជ្ញាធរមានសមត្ថកិច្ច ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យបង្អែកសិរីសោភ័ណ កាលពីព្រឹកថ្ងៃទី០៧ រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានបន្តយកសំណាកមនុស្សជាង១០០នាក់ ដែលមានទំនាក់ទំនង និងចូលរួមពិធីភ្ជាប់ពាក្យ មួយអ្នកនៅភូមិ /សង្កាត់ កោះពងសត្វ ក្រុងសិរីសោភ័ណ។ ក្នុងនោះ លទ្ធផលតេស្តរហ័សបានរកឃើញថែមវិជ្ជមានកូវីដ ១៩ ម្នាក់ទៀត គឺកញ្ញា សុ សិវណ្ណធីតា មានទីលំនៅក្នុងភូមិតារាងបាល់សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ នេះបើតាមលោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បាន អោយបញ្ជាក់អោយដឹង ។ លោកបានបន្តថា៖ ” ការមិនអនុវត្តតាមការណែនាំ (ជួបជុំ មិនរក្សាគម្លាតសង្គម មិនលាងដៃ បាញ់អាល់កុល មិនពាក់ម៉ាស…) គឺបែបនេះឯង ។ សូមចិត្តបងប្អូន ឈប់បាន ឈប់សិនទៅ សូមអង្វរណា អាជ្ញាធរមិនទាន់អនុញ្ញាតិច្បាប់អោយធ្វើពិធីអាពាហ៍ពិពាហ័វិញនៅឡើយ ” ។
សូមរំលឹកថា រដ្ឋបាលក្រុងសិរីសោភ័ណបានអំពាវនាវ ដល់អ្នកចូលរួមភ្ជាប់ពាក្យកូនស្រីរបស់លោកស្រីតែម យិន នៅភូមិកោះពង់សត្វ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ សូមប្រញាប់ប្រញាល់មកយកសំណាក និងធ្វើចត្តាឡីស័ក ពីព្រោះលោកស្រី តែម យិន វិជ្ជមានកូវីត១៩ ។
សូមរំលឹកដែរថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដែលជាថ្ងៃតែមួយនោះ អាជ្ញាធរក្រុងសិរីសោភ័ណបានធ្វើការប្រមូលអ្នកជាប់ពាក់ព័ន្ធ ដែលធ្លាប់ជិះរថយន្តរបស់ឈ្មោះ ចាន់ សុភក្ត្រ័ រស់នៅសង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ដែលរត់តាក់ស៊ី នៅគោលដៅពីសិរីសោភ័ណ ក្រុងប៉ោយប៉ែត ក្រោយតេស្តរកឃើញវិជ្ជមានកូវិដ-១៩ ។
ក្នុងនោះអាជ្ញាធរបានប្រមូលអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលបានចំនួន៥៩នាក់(ស្រី ៣១នាក់) ដើម្បីយកសំណាក់វិភាគរកជម្ងឺកូវីដ-១៩ នៅមន្ទីរបង្អែកក្រុងសិរីសោភ័ណ ជាលទ្ធផលរកឃើញអ្នកវិជ្ជមាន៤នាក់ ។
អ្នកទាំង៤នាក់ដែលរកឃើញវិជ្ជមាន ៖ ១/ ចាន់ សុភ័ក្រ្ត (អ្នករត់តាក់ស៊ី) ភេទប្រុស អា៣៣ឆ្នាំ រស់នៅភូមិ អូរអំបិល សង្កាត់អូរអំបិល ។ ២/ អៃ សាស់ ហៅត្រិប ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិ អូរអំបិល សង្កាត់ អូរអំបិល ។ ៣/តែម យិន ភេទស្រី អាយុ ៤៧ឆ្នាំ រស់នៅ ភូមិ កោះពងសត្វ សង្កាត់ កោះពងសត្វ ។ ៤/តែម ចំប៉ី ភេទស្រី អាយុ ៤៤ឆ្នាំ រស់នៅ ភូមិ កោះពងសត្វ សង្កាត់ កោះពងសត្វ ៕









