ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ២៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា គេបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២៤នាក់ នៅថ្ងៃទី៧មិថុនា ឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងទាំងនោះ មានម្នាក់ជាមេឃុំកំពង់ឃ្លាំង និង២នាក់ជាសមាជិកក្រុមប្រឹក្សាឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្រៅពីនោះ មានប្រជាពលរដ្ឋ អាជីវករ សិស្ស គ្រូបង្រៀន អ្នកនេសាទ និងមន្រ្តីកងរាជអាវុធហត្ថ នៅស្រុកសូទ្រនិគម និងក្រុងសៀមរាប។ ក្រៅពីនោះមាន៦នាក់ជាពលករមកពីប្រទេសថៃ, មកពីខេត្តបាត់ដំបងចំនួន២នាក់។
ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានសន្និដ្ឋានបឋមថា ប្រភពនៃការចម្លងជំងឺកូវីដ-១៩ នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង គឺចេញមកពីភោជនីយដ្ឋានពិភពធម្មជាតិ ស្ថិតនៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ ត្រូវមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនោះ។
នៅថ្ងៃទី៧មិថុនាឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ម្នាក់ ផងដែរ ហើយត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២២៩នាក់ បានព្យាបាលជាសះស្បើយចំនួន៨៤នាក់ ស្លាប់២នាក់ និង១៤៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

