កម្ពុជាកំពុងសាងសង់ស្ថានីយ៍ផលិតកូនត្រីពូជទ្រង់ទ្រាយធំ ក្នុងតម្លៃ១លានដុល្លារ
គម្រោងសាងសង់ស្ថានីយ៍ផលិតកូនត្រីពូជនៅភូមិបាដើម សង្កាត់សាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលជាផ្នែកមួយគម្រោងកម្មវិធីទីបួន នៃការគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ បានកំពុងដំណើរការ ក្រោមគម្រោងហិរញ្ញប្បទានធនាគារពិភពលោក (M-IWRMP3-C1) ចំនួន មួយលានពីរប្រាំសែនដុល្លារអាមេរិក ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៩ ខែមិថុនានេះ បានឲ្យដឹងពីវឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់ស្ថានីយ៍ផលិតកូនត្រីពូជនេះ លើផ្ទៃដីទំហំ ១០,៤ហិកតា នៅភូមិបាដើម សង្កាត់សាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ស្ថានីយ៍ផលិតកូនត្រីពូជរៀបចំទៅតាមរចនាបទ និងបច្ចេកទេសខ្ពស់ បំពាក់ដោយឧបករណ៍ សម្ភារៈបរិក្ខារទំនើបៗ។ ពេលសង់រួចរាល់ស្ថានីយ៍អាចបម្រើដល់ការសិក្សាស្រាវជ្រាវ បង្កាត់ភ្ញាស់ ប្រភេទត្រីកំពុងរងគ្រោះថ្នាក់ និងផ្គត់ផ្គង់កូនត្រីពូជ ដែលមានតម្លៃសេដ្ឋកិច្ច ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ។ រដ្ឋបាលជលផលបាននិងកំពុងជំរុញការសាងសង់ស្ថានីយ៍នេះ ឱ្យបានរួចរាល់ជាស្ថាពរនៅខែតុលាឆ្នាំ២០២១ តាមការគ្រោងទុក។ ស្ថានីយ៍នេះនឹងមានតួនាទីយ៉ាងសំខាន់ក្នុងវិស័យជលផល ពិសេសការអភិវឌ្ឍវារីវប្បកម្មនៅភូមិភាគឦសាន និងធនធានជលផលទឹកសាប៕

