សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញពិនិត្យសមិទ្ធផលនានា និងសួរសុខទុក្ខប្រជាពលរដ្ឋនៅស្រុកកោះសូទិន ខេត្តកំពង់ចាម
កំពង់ចាម ៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានា និងសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ។
ហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍជនបទ ស្ថិតនៅក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម និងឃុំកោះសូទិន ស្រុកកោះសូទិន មានដូចជា សាលាឆទាន ផ្លូវបេតុង ទំនប់បង្ហៀរ លូប្រអប់ ដែលសម្រេចការសាងសង់បាន១០០ ភាគរយ។
បន្ទាប់ពីអញ្ជើញពិនិត្យសមិទ្ធនានា សម្ដេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋ នៅស្រុកកំណើតរបស់សម្ដេច នៅភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន។
ជាមួយគ្នានោះ សម្ដេចវិបុលសេនាភក្តីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបន្តចូលរួមការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ដើម្បីកាត់ផ្តាច់ខ្សែចម្លងពីវីរុសកូវីដ-១៩ កុំឱ្យបន្តកើតមាននៅក្នុងសហគមន៍៕ ដោយ / គ្រី សម្បត្តិ






