ប្រទេសចំនួន ២១ សម្ដែងការព្រួយបារម្ភខ្ពស់លើសេរីភាពសារព័ត៌មាននៅហុងកុង
ហួន ឌីណា
ឡុងដ៍៖ ជប៉ុន អង់គ្លេស និងប្រទេសចំនួន ១៩ ផ្សេងទៀត បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ទី០៩ កក្កដា រិះគន់សកម្មភាពថ្មីៗប្រឆាំងនឹងបណ្តាញសារព័ត៌មានហុងកុង ហើយនិយាយថាខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើច្បាប់ថ្មីដែលអាចរឹតបន្តឹងការគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយដើម្បីកាត់បន្ថយការរិះគន់រដ្ឋាភិបាល។
សេចក្ដីថ្លែងការណ៍ដែលរៀបចំដោយប្រទេសធំៗផ្សេងទៀត រួមមានអូស្រ្តាលី កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងសហរដ្ឋអាមេរិក បានបង្ហាញពីកង្វល់នៃការបិទកាសែតហុងកុងឈ្មោះ Apple Daily និងការចាប់ខ្លួនបុគ្គលិករបស់ស្ថាប័ននេះតាមវិធានការផ្លូវច្បាប់ថ្មីៗពីសំណាក់អាជ្ញាធរហុងកុង ដោយហៅថាជាការឆ្លើយតបនៃការកើនឡើងការ«ប្រឆាំងនឹងការត្រួតពិនិត្យតាមប្រព័ន្ធផ្សព្វផ្សាយ»។
ដោយជំរុញឱ្យអាជ្ញាធរចិនដីគោកក៏ដូចជាហុងកុង គោរព និងលើកស្ទួយសិទ្ធិដ៏សំខាន់ៗស្របតាមកាតព្វកិច្ចច្បាប់អន្តរជាតិផងនោះ សេចក្ដីថ្លែងការណ៍ដដែលបាននិយាយថា៖ «ការប្រើប្រាស់ច្បាប់សន្តិសុខជាតិ ក្នុងការបង្ក្រាបសារព័ត៌មានជាជំហានធ្ងន់ធ្ងរ និងអវិជ្ជមាន ដែលធ្វើឱ្យអន្តរាយដល់កម្រិតស្វ័យភាពខ្ពស់ សិទ្ធិ និងសេរីភាពរបស់ប្រជាជននៅហុងកុង»។
កាលពីឆ្នាំ ២០២០ រដ្ឋាភិបាលចិនបានណែនាំច្បាប់ថ្មីមួយដែលមានឈ្មោះថាច្បាប់សន្តិសុខជាតិ បង្កើតឡើងដើម្បីបង្ក្រាបនូវអ្វីដែលខ្លួនយល់ថាជាសកម្មភាពវិទ្ធង្សនា។ យ៉ាងណាមិញ ក្រោមគោលនយោបាយ «ប្រទេសមួយប្រព័ន្ធពីរ» របស់ចិន អតីតដែនដីអាណានិគមអង់គ្លេសកោះហុងកុង ធ្លាប់ត្រូវបានគេសន្យាថា នឹងទទួលបានសិទ្ធិ សេរីភាពពាក់កណ្តាលស្វ័យភាពតំបន់រយៈពេល ៥០ ឆ្នាំ បន្ទាប់ពីត្រូវបានប្រគល់ឱ្យទៅរដ្ឋាភិបាលក្រុងប៉េកាំងវិញក្នុងឆ្នាំ ១៩៩៧។

ប្រភព៖
- 21 nations “highly concerned” by outlook for Hong Kong media freedom https://english.kyodonews.net/news/2021/07/70992af87875-21-nations-highly-concerned-by-outlook-for-hong-kong-media-freedom.html