ម្ចាស់រោងចក្រ មួយនៅបង់ក្លាដែស ត្រូវបានចាប់ខ្លួនជុំវិញអគ្គិភ័យដែលបានសម្លាប់កម្មករ ៥២ នាក់
មឹង ច័ន្ទសុម៉ានីតា
កាលពីថ្ងៃសៅរ៍ ទី១០ កក្កដា ម្ចាស់រោងចក្រកែច្នៃអាហារមួយនៅក្នុងប្រទេសបង់ក្លាដេស ត្រូវបានប៉ូលិសចាប់ខ្លួន ពីបទមនុស្សឃាត ជុំវិញអគ្គិភ័យដែលបានសម្លាប់មនុស្ស ៥២ នាក់ ដោយសារជាប់មិនអាចចេញអាគារ។
រោងចក្រដែលមានកម្ពស់ ៦ ជាន់ នៅខាងក្រៅរដ្ឋធានីដាកា បានសាងសង់ដោយគ្មានអាជ្ញាប័ណ្ណ បើយោងតាមប៉ូលិសដែលបាននិយាយក្រោយពិនិត្យឃើញថារោងចក្រនោះ មិនមានវិធានការណ៍សុវត្ថិភាពគ្រប់គ្រាន់ទេ។
ប៉ូលិសបាននិយាយ ថាកម្មករមួយចំនួនបានរត់គេចខ្លួនដល់ដំបូល ហើយត្រូវបានគេជួយសង្គ្រោះ បន្ទាប់ពីអគារនោះត្រូវបានឆាបឆេះកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមនុស្សជាច្រើនផ្សេងទៀត មិនអាចរត់គេចបានទេ។
បុរសដែលត្រូវបានចាប់ខ្លួន គឺជាម្ចាស់ក្រុមហ៊ុនឯកជន Hashem Food and Beverageដែលជាផ្នែកមួយនៃក្រុមហ៊ុន Sajeeb Group។ លោក Hashem និង Sajeeb មិនបានឆ្លើយតប នឹងសំណើសុំការអត្ថាធិប្បាយទេ។ កូនប្រុសម្ចាស់រោងចក្រចំនួន ៤ នាក់ និងមន្ត្រីក្រុមហ៊ុន ៣ នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ ជុំវិញអគ្គិភ័យនៅរោងចក្រដែលមានផ្ទុកសារធាតុគីមី និងវត្ថុធាតុដើមងាយឆេះជាច្រើន។ ក្រុមពន្លត់អគ្គីភ័យមិនអាចពន្លត់ភ្លើងបាន រហូតដល់យប់ថ្ងៃសុក្រហើយមូលហេតុនៃអគ្គិភ័យកំពុង ត្រូវបានស៊ើបអង្កេតនៅឡើយ។
លោក Jayedul Alam អធិការនគរបាលបាន និយាយថាការស៊ើបអង្កេតដាច់ដោយឡែកមួយត្រូវបានបើកការចោទប្រកាន់ថា រោងចក្រនេះថែមទាំងបានជួលអនីតិជនដែលមានរហូតដល់កុមារអាយុ ១១ ឆ្នាំមកធ្វើការទៀតផង។
អគ្គិភ័យបានសម្លាប់មនុស្សរាប់រយនាក់ ក្នុងមួយឆ្នាំ នៅប្រទេសបង់ក្លាដេស ដែលរោងចក្រជាច្រើនមានស្តង់ដារសុវត្ថិភាពមិនល្អ នេះបើយោងតាមអ្នកជំនាញសុវត្ថិភាពនិងក្រុមសិទ្ធិមនុស្ស។ មន្ត្រីរដ្ឋាភិបាល បានសន្យាថានឹងធ្វើឱ្យស្តង់ដារសុវត្ថិភាពប្រសើរជាងមុន បន្ទាប់ពីការដួលរលំអគាររោងចក្រកាត់ដេរ Rana Plaza នៅទីក្រុងដាកា ដែលបានសម្លាប់កម្មករជាង ១.០០០ នាក់ និងរាប់រយនាក់បានរងរបួសកាលពីឆ្នាំ ២០១៣។
ប្រភព៖
Bangladesh factory owner arrested over fire that killed 52 workers






