រដ្ឌបាលខេត្តកំពង់ឆ្នាំង ដាក់កម្លាំងសមត្ថកិច្ចគ្រប់គោលដៅសម្រេចបិទផ្សារ លើក្រុងកំពង់ឆ្នាំង ជាលើកទី២ បន្ទាប់ពីរកឃើញអាជីវករមានផ្ទុកមេរោគបំលែងថ្មី ដែលតា
ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២១ បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ ខាងក្នុងនិងបរិវេណជុំវិញផ្សារលើ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងទាំងស្រុងជាថ្មីម្ដងទៀត បន្ទាប់ពីរកឃើញអាជីវករក្នុងផ្សារលើកើតកូវីដ19 បំលែងថ្មី ដែលតា ។
ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ដែរថា ត្រូវបិទខ្ទប់ខាងក្នុងនិងបរិវេណជុំវិញផ្សារលើក្រុងកំពង់ឆ្នាំងទាំងស្រុង រួមមានចាប់ពីមុខមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រហូតដល់ផ្លូវបំបែកលេខ៤០ ច្រមុះជ្រូក និងនៅបរិវេណជុំវិញផ្សារទាំងអស់ ចាប់
ពីថ្ងៃទី ៩ ខែកញ្ញា រហូតដល់មានការសម្រេចជាថ្មី ។
ការបិទខ្ទប់ទីតាំងខាងលើនេះ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ បន្ទាប់ពីបានរកឃើញ អ្នកវិជ្ជមានកូវីដ១៩ មេរោគបំឡែងថ្មីប្រភេទដែលតា លើអាជីវករក្នុងផ្សារលើ ។ជាមួយគ្នានេះតម្រូវឲ្យអាជីវករផ្សារលើ និងប្រជាពលរដ្ឋដែលមានលំនៅបានជាប់ពាក់ព័ន្ធជាមួយនឹងផ្សារលើទាំងអស់ ត្រូវធ្វើចត្តាឡីស័ក តាមលំនៅឋាននិងទៅយកសំណាករៀងៗខ្លួនឲ្យបានហ្មត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាខេត្ត ក៏បានបញ្ជាក់ពីទីតាំងដែលត្រូវបិទ រួមមាន៖ត្រូវព័ទ្ឋខ្យែ ចាប់ពីមុខមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រហូតដល់ផ្លូវបំបែកលេខ ៤០ច្រមុះជ្រូក និងបរិវេណជុំវិញផ្សារទាំងអស់ ដោយផ្អាកសកម្មភាពលក់ដូរ ការចេញចូលទីតាំង ហាមដាច់
ខាតចំពោះអាជីវករទាំងអស់ដែលស្ថិតនៅទីតាំងបិទខ្ទប់មិនអនុញ្ញាតឱ្យចេញទៅលក់ដូរនៅកន្លែងផ្សេងជៀសវាងមានការចម្លងទៅប្រជាពលរដផ្សេងទៀត ។ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ឬប្រយោលដើម្បីធ្វើចត្តាឡីស័កនិងយកសំណាក ។
ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ បុគ្គលគ្រប់រូប ត្រូវហាមឃាត់ការធ្វើដំណើរចេញចូលនិងឆ្លងកាត់បរិវេណជុំវិញផ្សារលើ ក្នុងភូមិសាស្ត្រភូមិត្រពាំងបី សង្កាត់កំពង់ឆ្នាំង លើកលែងតែមានការចាំបាច់ជាមួយគ្នានេះត្រូវទៅហាមឃាត់ការជួបជុំ ការប្រមូលផ្តុំមនុស្សការចេញចូលទំនាក់ទំនងពីផ្ទះមួយទៅផ្ទះមួយ លើកលែងតែករណីចាំបាច់ ។
បុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលមិនអនុវត្តតាមខ្លឹមសារ ប្រការ២ ប្រការ ៣ និងប្រការ ៤ ខាងលើ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមវិធានការកំណត់ក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លង ការរាលដាល នៃជំងឺកូវីត១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕ សុខ គឹមសៀន






