សាលា ប៊ែលធី បន្តចែកម៉ាស់សុវត្ថិភាពដល់សិស្សទាំង ២០សាខា ក្រោយមានករណីឆ្លងវីរុសថ្មី (2019-nCoV)
ភ្នំពេញ៖ ម៉ាស់សុវត្ថិភាពប្រមាណ៦ម៉ឺនម៉ាស់ សាលាប៊ែលធីអន្តរជាតិ នៅតែបន្តចែកដល់សិស្សទាំង ២០សាខា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ ការផ្តល់ម៉ាសនេះ ធ្វើឡើងក្រោយពេលដែលក្រសួងសុខាភិបាលប្រកាសថា នៅកម្ពុជាមានករណីឆ្លងមេរោគជំងឺរលាកសួតថ្មី កូរ៉ូណា (coronavirus) កើតឡើង ១ករណីលើជនជាតិចិន នៅក្រុងព្រះសីហនុ នៅថ្ងៃទី២៧ ខែមករា។ បើតាមលោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប បញ្ជាក់ថា សាលាប៊ែលធីអន្តរជាតិ នៅតែបន្តផ្តល់ម៉ាស់ ធ្វើអនាម័យសិស្ស អនាម័យបរិស្ថាន តាមដានជាប្រចាំចំពោះអាការៈរបស់សិស្ស តាមរយៈកាមេរ៉ាសុវត្ថិភាពដែលត្រូវបានបំពាក់គ្រប់ទីកន្លែងរបស់សាលា ដើម្បីបង្កា ក្រែងមានភាពមិនប្រក្រតីណាមួយកើតឡើង និង ជាការចូលរួមសហការជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់មេរោគប្រភេទថ្មីនេះ។ លោកបន្តថា តាមការណែនាំរបស់ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធីគ្រុប លោកបានដាក់បទបញ្ជាឲ្យតាមដានជាប្រចាំ គ្រប់ពេលរហូតប្រាកដថា គ្រប់សិស្សានុសិស្សមានសុវត្ថិភាពគ្រប់គ្នា។ មិនតែប៉ុណ្ណោះ ម៉ាសក៏ត្រូវបានបន្តចែក អនាម័យដោយលាងដៃនឹងសាប៊ូ ក៏នៅតែបន្ធធ្វើដល់សិស្សានុសិស្ស និងបុគ្គលិក នៃសាលាប៊ែលធី អន្តរជាតិទាំង ២០សាខា ដើម្បីបង្ការជំងឺរលាកសួត ដោយវីរុសកូរ៉ូណាថ្មី (2019-nCoV)។ សាលាប៊ែលធី អន្តរជាតិ ក៏បានអំពាវនាវ ឲ្យចូលរួមពាក់ម៉ាស់សុវត្ថិភាពទាំងអស់គ្នា ដើម្បីជួយទប់ស្កាត់ ការឆ្លងមេរោគកូរ៉ូណាថ្មី (2019-nCoV)។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសផ្លូវការ ដោយបានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីទីក្រុង វូហាន ប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដដែល អាការៈអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី (2019-nCoV)នេះ មានការធូរស្រាលបន្តិចវិញហើយ និងក្រុមគ្រួពេទ្យនៅតែតាមដានជាប្រចាំ។
បើតាមប្រសាសន៍ របស់ឯកឧត្តម លី ឆេង ដែលធ្លាប់បានលើកឡើងជារឿយថា “សុខភាពរបស់បុគ្គលិក គឺជាទ្រព្យសម្បតិ្តរបស់ក្រុមហ៊ុន រីឯ សុខភាពរបស់សិស្ស គឺជាទ្រព្យសម្បត្តិរបស់ជាតិ”
-បន្ទាប់ពីការចែកជូនម៉ាស់សុវត្ថិភាព ចំនួន ៦ម៉ឺនម៉ាស់ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំឧបករណ៍សម្រាប់ វាស់កម្ដៅដោយព្រមទាំងការលាងសម្អាតដៃ ជាមួយសាប៊ូ-អាល់កុល របស់សិស្សានុសិស្សនៅតាមបណ្ដាសាខាទាំង២០ទីតាំង ដើម្បីបង្ការ និងរក្សាសុវត្ថិភាព ពីការឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០៕