ជនជាតិចិនមួយក្រុមបើករថយន្តបុកម៉ូតូខ្មែរហើយព្យាយាមបើករត់គេចត្រូវប្រជាពលរដ្ឋចាប់បានប្រគល់អោយសមត្ថកិច្ច
ភ្នំពេញ៖កាលពីវេលាម៉ោងប្រមាណជា ២១និង៥៨នាទីយប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តទំនើបមួយគ្រឿងដែលបើកបរដោយជនជាតិចិនមួយក្រុម បុកពីក្រោយម៉ូតូជនរងគ្រោះអូសជាច្រើនម៉ែត្រ ស្ថិតនៅលើផ្លូវលេខ១៨២ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីជនរងគ្រោះបានឱ្យដឹងថា ដំបូងឡើយរូបគេបានធ្វើដំណើរតាមផ្លូវ ក៏មកឈប់រង់ចាំស្តុប ស្រាប់តែមានរថយន្តបង្កមួយគ្រឿងម៉ាក Mazda ពាក់ស្លាកលេខ ភ្នំពេញ 2AT-8318 បានបុកពីក្រោយយ៉ាងពេញទំហឹងជាមួយម៉ូតូជនរងគ្រោះម៉ាក Nex ពាក់ស្លាកលេខ 1CR-7381 រួចបន្តអូសជាច្រើនម៉ែត្រ។
ក្រោយកើតហេតុរថយន្តបង្កដែលមានអ្នកបើកបរ និងអ្នកអមដំណើរចំនួន ៥នាក់ បានព្យាយាមបើករត់គេច ប៉ុន្តែក៏ត្រូវបានប្រជាពលរដ្ឋដែលនៅម្តុំចំណុចកើតហេតុបានដេញកាក់តាម គប់កញ្ចក់ឡានជាដើមទើបធ្វើឱ្យរថយន្តបើកទៅមុខលែងរួចទាំងម៉ូតូជនរងគ្រោះនៅក្រោមឡាន។
បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនអ្នកបើកបរ និងអ្នកអមដំណើរទាំង ៥នាក់ ទៅសាកសួរនៅប៉ុស្តិ៍នគរបាលពាក់ព័ន្ធនឹងករណីបង្កគ្រោះថ្នាក់ចរាចរណ៍នេះ។ ចំណែកជនរងគ្រោះមិនមានរងរបួសធ្ងន់នោះទេ គ្រាន់តែរលាកដៃ និងជើង ដើសារប៉ះជាមួយបំពង់ស៊ីម៉ាំង៕







