ប្រធាន KW Cambodia បានអះអាងថា កត្ដាសេដ្ឋកិច្ច នយោបាយ និងកត្ដាធម្មជាតិ ធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើនផ្នែកអចលនទ្រព្យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ថ្លែងក្នុងពិធីចុះហត្ថលេខា ដើម្បីប្រគល់សិទ្ធិធ្វើអាជីវកម្មពិសេសរបស់ក្រុមហ៊ុន  KW Cambodia ដល់សាខាចំនួន ៤ រួមមានសាខាខណ្ឌដង្កោ, ខេត្តសៀមរាប, ខេត្តកំពង់ស្ពឺ និងខណ្ឌពោធិសែនជ័យ រួមទាំងអនុសាខា ២ គឺអនុសាខាក្រុងប៉ោយប៉ែត និងក្រុងកំពត កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ប្រធាន KW Cambodia លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានអះអាងថា វិស័យអចលនទ្រព្យ ក៏ដូចជាវិស័យផ្សេងៗ ក្នុងប្រទេសកម្ពុជា នឹងបន្ដភាពរីកចម្រើនឥតឈប់ឈរ ដោយសារកត្ដាសំខាន់ៗ ៣ ដែលជាគ្រឹះដ៏រឹងមាំក្នុងការជំរុញការអភិវឌ្ឍ រួមមានកត្ដាសេដ្ឋកិច្ច នយោបាយ និងកត្ដាធម្មជាតិ ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបង្ហាញសុទិដ្ឋិនិយមថា ដោយសារកម្ពុជា គ្មានគ្រោះធម្មជាតិធំៗ នយោបាយរឹងមាំ ហើយកំណើនសេដ្ឋកិច្ចជាតិ ៧% ជាង ២០ឆ្នាំ បានធ្វើឲ្យវិស័យទាំងអស់ រួមទាំងវិស័យអចលនទ្រព្យរីកចម្រើនតាមហ្នឹងដែរ ពិសេសចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ ។ ម្យ៉ាងបន្ទាប់ពីបំបែកសាខា និងអនុសាខាចំនួន ៦បន្ថែម លោករំពឹងនឹងធ្វើឲ្យអាជីវកម្ម KW Cambodia កាន់រឹងមាំថែមទៀតផង ។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រោយដំណើរការបានជាង ១ឆ្នាំ ក្រុមហ៊ុន KW Cambdia បានបើកសាខា និងអនុសាខាសរុបចំនួន ១៤ ហើយ ។ ប៉ុន្ដែតាមគម្រោង នៅឆ្នាំ២០២០ ក្រុមហ៊ុននាំចូលពីសហរដ្ឋអាមេរិកនេះ បានប្ដេជ្ញានឹងបង្កើតសាខា និងអនុសាខាឲ្យបានយ៉ាងហោច ២០ ទីតាំង ដើម្បីពង្រឹងអាជីវកម្មលើវិស័យអចលនទ្រព្យនៅកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner