ហាង «សន្យា» នៅក្រុងតាខ្មៅ មិនត្រឹមតែបំពានវិធានការ «៣កុំ ៣ការពារ» ទេ តែចាក់ភ្លេងរំខានដល់អ្នកជិតខាង ត្រូវសមត្ថកិច្ចចុះទៅឱ្យធ្វើកិច្ចសន្យាជាលើកទី២
កណ្តាល ៖ ភោជនីយដ្ឋាន និង ផាប់ «សន្យា» ស្ថិតតាមបណ្តោយផ្លូវលេខ21A ក្រុងតាខ្មៅ ខេត្តកណ្តាល មិនត្រឹមតែបំពានវិធានការ «៣កុំ ៣ការពារ» ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទេ តែបានចាក់ភ្លេងរំខានដល់អ្នកជិតខាងជាច្រើនលើកច្រើនសារដល់កណ្តាលអាធ្រាត្រជារៀងរាល់ថ្ងៃ ត្រូវសមត្ថកិច្ចចុះទៅឱ្យធ្វើកិច្ចសន្យាជាលើកទី២ កាលពីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ហាង «សន្យា» នេះ គឺ តែងតែចាក់ភ្លេងនិងច្រៀងរាំ ឮខ្លាំងៗ ដល់កណ្តាលអាធ្រាត្រជារៀងរាល់យប់ ដោយមិនខ្វល់ពីការសម្រាករបស់ប្រជាពលរដ្ឋ ជិតខាងឡើយ ។ បញ្ហានេះ ប្រជាពលរដ្ឋ ក៏បានរាយការណ៍ជូនសមត្ថកិច្ចជាបន្តបន្ទាប់មកដែរ ហើយក៏បានធ្វើកិច្ចសន្យា តែអ្នកគ្រប់គ្រងហាងមួយនេះ មិនស្តាប់ឡើយ នៅតែផ្គើន ដោយមិនដឹងអាងអំណាចអ្វីនោះទេ ។
ប្រភពព័ត៌មានដដែលបន្តថា ហាង «សន្យា» មិនត្រឹមតែចាក់ភ្លេងនិងច្រៀងរាំ ឮខ្លាំងៗ ដល់កណ្តាលអាធ្រាត្រជារៀងរាល់យប់នោះទេ តែអ្នកចូលទៅផឹកស៊ីច្រើនកុះករ មិនបានគោរពវិធានការ «៣កុំ ៣ការពារ» ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឡើយ ខណៈកម្ពុជាកំពុងព្រួយបារម្ភជាខ្លាំងបញ្ហាកូវីដ១៩ បម្លែងថ្មី ប្រភេទ អូមីក្រុង ដោយហាងមួយនេះ មិនបានរៀបចំវិធានសុខាភិបាលឡើយ ពោលគឺ មិនរៀបចំឱ្យមានការរក្សាគម្លាត និង មិនតម្រូវឱ្យបង្ហាញកាតចាក់វ៉ាក់សាំង ថែមទៀតផង ។ មានន័យថា អ្នកណាមានលុយផឹកស៊ីក៏អាចចូលបានដែរ ។
ជុំវិញបញ្ហានេះ លោក សុខ សម្បត្តិ ដែលជាមេការគ្រប់គ្រងទូទៅ ហាង «សន្យា» នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ក៏បានផ្តិតមេដៃលើកិច្ចសន្យាមួយ ដោយសន្យាថា មិនចាក់ភ្លេងឮខ្លាំងរំខានដល់អ្នកជិតខាងទៀតនោះទេ ៕ ឆ ដា









