ឯកឧត្តម សំហេង បុរស ៖ សាលារៀន មានមេត្រីភាពបរិស្ថាន សិស្សានុសិស្ស មានសុខភាពល្អ គុណភាពអប់រំ កាន់តែមានភាពប្រសើរឡើង
ស.ស.យ.ក រាជធានីភ្នំពេញ និងក្រសួងបរិស្ថាន បាន រៀបចំពិធីផ្សព្វផ្សាយសាលាមេត្រីបរិស្ថាន សុខុមាលភាពសាលារៀន និងផែនការសកម្មភាពកម្មវិធីកីឡា ក្រោមអធិបតីភាព ឯកឧត្តម សំហេង បុរស អនុប្រធានសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ តំណាង ឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌ គណៈគ្រប់គ្រង និងលោកគ្រូអ្នកគ្រូនៃគ្រឹះស្ថានសិក្សាសាធារណៈក្នុងរាជធានីភ្នំពេញ នារសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២ ។
ក្នុងពិធីនេះ គណៈគ្រប់គ្រងសាលារៀន និងលោកគ្រូ អ្នកគ្រូ បានស្វែងយល់អំពីគោលការណ៍សាលាមេត្រីបរិស្ថាន សុខុមាលភាពសាលារៀន និងផែនការសកម្មភាពអភិវឌ្ឍន៍ខឿនកីឡា ដែលជាគោលការណ៍ និងជាត្រីវិស័យក្នុងការរៀបចំថ្នាលបណ្តុះបណ្តាលប្រកបដោយគុណភាព សោភ័ណភាព បរិស្ថានសិក្សាបៃតង និងមានកាយសម្បទារឹងមាំទាំងក្នុងចំណោមលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
គំនិតផ្តួចផ្តើមនេះ ក៏ជាយន្តការមួយដ៏មានសារៈសំខាន់ក្នុងការផ្សព្វផ្សាយ និងលើកទឹកចិត្តដល់សហគមន៍ មាតាបិតាសិស្ស អាចចូលរួមក្នុងគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព តាមរយៈការផ្លាស់ប្តូរទម្លាប់ ផ្នត់គំនិត និងសកម្មភាពតាមរបត់ថ្មីទាំងក្នុងការងារអប់រំបញ្ញាស្មារតី អប់រំការ បំណិន អនាម័យ និងបរិស្ថាន ។
ទន្ទឹមនឹងនេះ ដើម្បីភាពរឹងមាំនៃគ្រឹះស្ថានសិក្សាចំណេះទូទៅ ទាំងបរិមាណ និងគុណភាព សាលាត្រូវពង្រឹងរចនាសម្ព័ន្ធយុវជនឱ្យបានរឹងមាំ មានផែនការអភិវឌ្ឍយុវជនច្បាស់លាស់ និងធ្វើសកម្មភាពជាគំរូ
លើការថែទាំសុខភាព របបអាហារ លំហាត់ប្រាណ និងការកម្សាន្ត ព្រមទាំងលើកទឹកចិត្តដល់សិស្សានុសិស្ស ជាយុវជន ត្រូវមានជំនឿចិត្ត និងមោទនភាពចំពោះខ្លួនឯង ហ៊ានគិត ហ៊ានធ្វើ ជាពិសេស ត្រូវមានគំនិតសុទិដ្ឋិនិយមចំពោះជាតិ និង “ជឿថាខ្មែរអាចធ្វើបាន”។





