ភ្ញាក់ងាររៀបចំការប្រណាំងយានយន្តកម្ពុជា Kara បានចុះពិនិត្យផ្លូវ ត្រៀមការប្រកួតនាខែឧសភាខាងមុខនេះ
ភ្ញាក់ងាររៀបចំការប្រណាំងយានយន្តកម្ពុជា Kara បានសហការជាមួយ ក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំការប្រណាំងយានយន្ដឆ្លងកាត់ឧបសគ្គ Khmer Rally Raid Practice ជាលើកដំបូងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៥ ខែឧសភា ក្នុងឆ្នាំ២០២២ ភ្នំពេញ – កំពត និងកំពត – ភ្នំពេញ ក្រោយខកខាន២ឆ្នាំ ដោយសារការរីករាលដាលជំងឺកូវីត-១៩ ។

លោក ពៅ តិចឡេង តំណាងក្រុមការងារ Kara បានបញ្ជាក់ថា ដើម្បីត្រៀមការប្រកួតអោយបានល្អ ក្រុមការងារ Kara បានចុះពិនិត្យស្ថានភាពផ្លូវមុន ទីតាំងតាមតំបន់នីមួយៗ ដែលមានបងប្អូនប្រជាពលរដ្ឋរស់នៅ ជាពិសេសរុករកតំបន់ធនធានធម្មជាតិ អេកូទេសចរ និងតំបន់ឧទ្យានអភិរក្សធម្មជាតិផ្សេងៗដ៏សម្បូរបែប ផ្សព្វផ្សាយទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានស្គាល់ ។
តំណាងក្រុមការងារ Kara រូបនេះ បានអោយដឹងទៀតថា ដោយមានការគាំទ្រ ពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងការសហការរៀបចំ ពីក្រុមការងារការ៉ា (KARA) ធ្វើអោយព្រឹត្តិការណ៏ការប្រណាំងយានយន្តខ្មែររ៉ាលីរ៉េដ ក្នុងគោលបំណង ជំរុញអោយកីឡាករ ប្រជាពលរដ្ឋ ស្រឡាញ់ធម្មជាតិ និងស្គាល់កាន់តែច្បាស់ពីតំបន់ធនធានធម្មជាតិ តំបន់អេកូទេសចរ ក្នុងតំបន់ឧទ្យានអភិរក្សការពារធម្មជាតិសំខាន់ៗ និងជាសម្បត្តិធម្មជាតិមានសក្តានុពលដ៏សម្បូរបែប ដែលអាចបង្កើតជាចំណូលដល់ប្រជាសហគមន៍ និងជីវភាពរស់នៅប្រជាជន ក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោក បន្តទៀតថា គោលបំណងមួួយទៀត ផ្តល់ឪកាសអោយកីឡាករថ្មីៗ យល់ពីការប្រណាំងយានយន្ដឆ្លងកាត់ឧបសគ្គ និងកីឡាករចាស់ៗ ចូលរួមប្រណាំងចែករំលែកបទពិសោធន៍ និងបច្ចេកទេស ដែលខកខានមួយរយៈកន្លងមក ។ លោក ពៅ តិចឡេង បន្ថែមថា ការប្រណាំងនេះ ក៏ចូលរួមលើកស្ទួយវិស័យកីឡាយានយន្តនៅកម្ពុជា អោយកាន់តែរីកចំរើន តាមរយៈបណ្តុះបណ្តាលធនធានអ្នកស្រឡាញ់កីឡាយានយន្ត ក្រុមការងាររៀបចំការប្រកួតផងដែរ ។
គួរបញ្ជាក់ថា មុនការប្រណាំងយានយន្ដឆ្លងកាត់ឧបសគ្គ Khmer Rally Raid Practice ឆ្នាំ២០២២ ក្រុមការងារ Kara នឹងរៀបចំធ្វើបទបង្ហាញអំពី លក្ខខន្ដិកៈ និងបទបញ្ជាផ្ទៃ ក្នុង នៃការប្រកួត ជូនដល់កីឡាករ កីឡាការិនី ដើម្បីស្វែងយល់ដឹងបន្ថែម ទាក់ទងនឹងសៀវភៅបង្ហាញ ផ្លូវ ( Route Book ) ពីគោលដៅ និងស្ថានភាពផ្លូវ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅទីីតាំង Show Room K PowerHouse ផ្ទះលេខ ២០៨ , ផ្លូវ 1958, សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕ ចាន់ វិចិត្រ








