ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បើកកិច្ចប្រជុំក្រុមគ្រូបន្ទោលថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាល សន្តិសុខស្បៀង និងអាហារូបត្ថម្ភ
ភ្នំពេញ ៖ កិច្ចប្រជុំក្រុមគ្រូបង្គោលថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ត្រូវបានរៀបចំធ្វើនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សំ សារ៉ាត អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ដោយមានការអញ្ជើញចូលរួមពីតំណងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៏ និងថ្នាក់ដឹកនាំក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទជាច្រើនរូបទៀត។
លោកវេជ្ជបណ្ឌិត ហារីដ សេសមី ប្រធានគ្រប់គ្រងគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៃអង្គការ GIZ បានមានប្រសាសន៏ថា វាដល់ពេលដែលយើងទាំងអស់គ្នាត្រូវរួមគ្នាក្នុងការលុបបំបាត់បញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា ព្រោះភាពក្រិសក្រិន និងស្គាំងស្គមរបស់កុមារនៅតែមានអាត្រាខ្ពស់នៅឡើយ ហើយអង្គការ GIZ នៅតែបន្តគាំទ្រទាំងថវិកា និងបច្ចេកទេសដល់គម្រោងនានា ដែលទាក់ទងនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា។
ឯកឧត្តម សំ សារ៉ាត អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ មានគោលបំណង ១. ពិនិត្យ និងសម្រេចឯកសារជំនួយស្មារតីសម្រាប់ក្រុមគ្រូបង្គោលថ្នាក់ជាតិត្រៀមចុះបណ្តុះបណ្តាល ស្តីពីការបញ្ជ្រាបសន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធិវិនិយោគ ឃុំ សង្កាត់ ប្រកបដោយបរិយាបន្នសង្គម, ២. ជ្រើសរើសក្រុមគ្រូបង្គោលដើម្បីបណ្តុះបណ្តាលដល់ក្រុមប្រឹក្សាឃុំ សង្កាត់ដែលទើបជាប់ឆ្នោតថ្មី និងរៀបចំផែនការបណ្តុះបណ្ដាលបង្កើនចំណេះដឹងដល់ក្រុមគ្រូបង្គោលថ្នាក់ជាតិទាំងនោះ ដើម្បីផ្ទេរចំណេះដឹងទៅដល់អ្នកពាក់ព័ន្ធ និងក្រុមប្រឹក្សាឃុំ សង្កាត់ទើបជាប់ឆ្នោតថ្មី, ៣ ពិភាក្សាអំពីផែនការចុះបណ្តុះបណ្តាលសន្តិសុខស្បៀង និងអាហារូបត្ថម្ភទៅដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ទើបជាប់ឆ្នោតថ្មីនៅទូទាំងប្រទេស ។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួលស្គាល់ថា សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ គឺជាសិទ្ធិមូលដ្ឋានរបស់បុគ្គល ម្នាក់ៗ ដូចមានចែងនៅក្នុងសេចក្ដីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញាអន្តរជាតិស្តីពីសេដ្ឋកិច្ច សង្គម និង វប្បធម៌ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។
ឯកឧត្តមបញ្ជាក់ថា សន្តិសុខស្បៀង និងអាហារូបត្ថម្ភ គឺជាបញ្ហាពហុវិស័យតម្រូវឲ្យមានកិច្ចសហការល្អ ការសម្របសម្រួល ការអន្តរាគមន៍ និងការវិនិយោគនៅក្នុងវិស័យកសិកម្ម សុខាភិបាល អប់រំ ទឹកស្អាតនិងអនាម័យ គ្រប់គ្រងធនធានទឹក គាំពារសង្គម យុវជននិងយេនឌ័រ និងវិស័យពាក់ព័ន្ធដ៏ទៃទៀត ។
ដោយមើលឃើញពីសារសំខាន់ គុណតំលៃ និងភាពចាំបាច់ក្នុងការលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទើបរាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ សហការជាមួយក្រសួង ស្ថាប័នពាក់ពន្ឋ័ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន រៀបចំយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩-២០២៣ និងផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ ព្រមទាំងរៀបចំផែនការសកម្មភាព និងយុទ្ឋសាស្ត្រតាមវិស័យនានាក្នុងគោលបំណងធ្វើការអន្តរាគមន៍ ដើម្បីបញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចិរភាព សំដៅលើកកម្ពស់មូលធនមនុស្ស បង្កើនផលិតភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ៕ ដោយ ៖ ជា សេឌី


